11 រួចទ្រង់ក៏មានព្រះបន្ទូលថា មានបុរសម្នាក់មានកូនប្រុស២
លូកា ១៥:១១-៣២
12 កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន
13 ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត
14 កាលបានចាយអស់រលីងហើយ នោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះ វាក៏មានសេចក្ដីទ័លក្រ
15 រួចទៅបម្រើអ្នកស្រុកនោះម្នាក់ ហើយគេប្រើឲ្យទៅឯវាលឃ្វាលហ្វូងជ្រូក
16 វាមានចិត្តចង់ចម្អែតពោះ ដោយសំបកដែលជ្រូកស៊ីណាស់ តែគ្មានអ្នកណាឲ្យសោះ
17 កាលវាភ្ញាក់ដឹងខ្លួន នោះក៏គិតថា ឪពុកអញមានជើងឈ្នួលប៉ុន្មានៗ សុទ្ធតែមានអាហារបរិបូរគ្រប់គ្នា តែនៅទីនេះ អញជិតដាច់ពោះស្លាប់ហើយ
18 អញនឹងក្រោកឡើង ទៅនិយាយនឹងគាត់ថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនិងលោកឪពុកមែន
19 ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ
20 នោះវាក៏ក្រោកឡើងដើរទៅ លុះឪពុកឃើញពីចម្ងាយហើយ ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបវា
21 ទើបវានិយាយថា លោកឪពុក ខ្ញុំបានធ្វើបាបនឹងព្រះ ហើយនិងលោកឪពុក ខ្ញុំមិនគួរឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ
22 តែឪពុកប្រាប់ទៅពួកបាវគាត់ថា ចូរយកអាវល្អបំផុតចេញមកបំពាក់ឲ្យវា ហើយយកចិញ្ចៀន និងស្បែកជើងមកឲ្យផង
23 រួចយកកូនគោដែលបំប៉នមកសម្លាប់ចុះ យើងនឹងបរិភោគឲ្យសប្បាយចិត្ត
24 ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ
25 ឯកូនច្បងនៅឯចម្ការ កាលត្រឡប់មកជិតដល់ផ្ទះ នោះក៏ឮសូរភ្លេង និងរបាំ
26 គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង
27 បាវនោះជម្រាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសម្លាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត
28 ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់
29 តែគាត់ឆ្លើយថា មើលខ្ញុំបានបម្រើលោកឪពុកប៉ុន្មានឆ្នាំនេះមកហើយ មិនដែលធ្វើខុសអ្វីនឹងបង្គាប់សោះ តែលោកឪពុកមិនដែលឲ្យកូនពពែ សូម្បីតែ១ ឲ្យខ្ញុំបានអរសប្បាយ ជាមួយនឹងពួកមិត្តសំឡាញ់ខ្ញុំឡើយ
30 ឯកូនលោកឪពុក ដែលវាបង្ហិនបំផ្លាញសម្បត្តិលោកឪពុកអស់ ដោយនូវស្រីអ្នកលេងនេះ កាលបានមកដល់ នោះលោកឪពុកសម្លាប់កូនគោ ដែលបំប៉នឲ្យវាភ្លាម
31 ឪពុកក៏តបថា កូនអើយ ឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មាន ក៏ជារបស់ឯងដែរ
32 គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ។