Naomi បាត់បង់ប្តី និងកូនប្រុសរបស់នាង
ឯនៅក្នុងគ្រា ដែលពួកចៅហ្វាយកំពុងកាន់កាប់ត្រួតត្រា នោះក៏កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះ មានបុរសម្នាក់ជាអ្នកនៅក្រុងបេថ្លេហិម-យូដា គាត់បាននាំទាំងប្រពន្ធ និងកូនប្រុសទាំង២នាក់ ទៅស្នាក់នៅឯស្រុកម៉ូអាប់
នាងរស់ 1; 1-22
2 មនុស្សនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះន៉ាអូមី ឯកូនទាំង២ មួយឈ្មោះម៉ាឡូន ហើយ១ឈ្មោះគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅក្រុងបេថ្លេហិម-យូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ
3 ឯអេលីម៉ាលេច ជាប្ដីន៉ាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង ហើយនិងកូនទាំង២នាក់
4 កូនទាំង២ក៏យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន និងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ
5 រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។ នាងន៉ាអូមីវិលត្រឡប់ទៅភូមិបេថ្លេហិមវិញជាមួយនាងរស់ជាកូនប្រសារ
6 ន៉ាអូមី និងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ
7 ដូច្នេះ គាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំង២ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅឯស្រុកយូដាវិញ
8 គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនិងអញដែរ
9 សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តាឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា
10 តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ
11 នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី
12 ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនិងបង្កើតបានកូនប្រុស
13 នោះតើឯងនឹងនៅចាំទាល់តែវាធំឡើងឬអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្ដីឬអី កុំឡើយ កូនស្រីអើយ អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងអញហើយ
14 នោះគេក៏ឡើងសំឡេងយំម្តងទៀត រួចអ័រប៉ានាងថើបលាម្តាយទៅ តែនាងរស់នៅជាប់នឹងគាត់វិញ
15 រួចគាត់និយាយទៅនាងរស់ថា មើល ប្អូនថ្លៃឯងបានត្រឡប់ទៅឯសាសន៍ ហើយនិងព្រះរបស់វាវិញហើយ ដូច្នេះ ចូរឲ្យឯងវិលទៅតាមប្អូនថ្លៃឯងចុះ
16 តែនាងឆ្លើយថា សូមកុំទទូចឲ្យខ្ញុំទៅចោលអ្នកម្តាយ និងវិលទៅវិញ លែងតាមអ្នកម្តាយនោះឡើយ ដ្បិតកន្លែងណាដែលអ្នកម្តាយអញ្ជើញទៅ នោះខ្ញុំនឹងទៅតាម ហើយកន្លែងដែលអ្នកម្តាយស្នាក់នៅ នោះខ្ញុំក៏នឹងនៅដែរ សាសន៍របស់អ្នកម្តាយនឹងបានជាសាសន៍របស់ខ្ញុំ ហើយព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ
17 អ្នកម្តាយស្លាប់នៅកន្លែងណា នោះខ្ញុំក៏ចង់ស្លាប់នៅកន្លែងនោះដែរ ព្រមទាំងឲ្យគេកប់ខ្ញុំនៅទីនោះផង បើសិនជាខ្ញុំឃ្លាតចាកចេញពីអ្នកម្តាយទៅ ដោយហេតុអ្វី ក្រៅពីសេចក្ដីស្លាប់តែមួយ នោះសូមឲ្យព្រះយេហូវ៉ាប្រព្រឹត្តនឹងខ្ញុំយ៉ាងដូច្នោះចុះ ហើយលើសទៅទៀតផង
18 កាលគាត់ឃើញថា នាងផ្តាច់ចិត្តនឹងទៅតាមដូច្នោះហើយ នោះគាត់ក៏លែងនិយាយទៅ។
19 រួចទាំង២នាក់ក៏នាំគ្នាទៅដល់ក្រុងបេថ្លេហិម កាលបានចូលទៅក្នុងក្រុងបេថ្លេហិមហើយ នោះពួកអ្នកស្រុកទាំងអស់គ្នា ក៏មានសេចក្ដីរំជួលពីដំណើរគាត់ ដោយពាក្យថា នេះតើជាន៉ាអូមីមែនឬអី
20 គាត់ឆ្លើយថា កុំហៅខ្ញុំថាន៉ាអូមីឡើយ ត្រូវហៅថាម៉ារ៉ាវិញ ដ្បិតព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ទ្រង់បានប្រព្រឹត្តនឹងខ្ញុំដោយជូរល្វីងណាស់
21 ខ្ញុំបានចេញទៅទាំងពោរពេញ តែព្រះយេហូវ៉ាបាននាំខ្ញុំឲ្យត្រឡប់វិលមកដោយទទេវិញ ចុះហេតុអ្វីបានជាអ្នករាល់គ្នាហៅឈ្មោះខ្ញុំថា ន៉ាអូមី ជាអ្នកដែលព្រះយេហូវ៉ាបានធ្វើបន្ទាល់ទាស់នឹងខ្ញុំ ហើយព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ
22 គឺយ៉ាងនោះហើយ ដែលន៉ាអូមីបានវិលពីស្រុកម៉ូអាប់មកវិញ មានទាំងនាងរស់ ជាសាសន៍ម៉ូអាប់ កូនប្រសាខ្លួន មកជាមួយផង គេមកដល់ក្រុងបេថ្លេហិម នៅដើមរដូវចម្រូូតស្រូវឱក។
នាងរស់ជួបបូអូសនៅវាលស្រែ
ន៉ាអូមី គាត់មានសាច់ញាតិខាងប្ដីម្នាក់ ឈ្មោះបូអូស ជាអ្នកមានស្តុកស្តម្ភ នៅក្នុងគ្រួសារអេលីម៉ាលេច
Ruth 2:1-23
2 គ្រានោះ នាងរស់ជាសាសន៍ម៉ូអាប់ នាងនិយាយនឹងន៉ាអូមីថា ឥឡូវនេះ សូមបើកឲ្យខ្ញុំទៅឯស្រែ ដើម្បីនឹងរើសសន្សំស្រូវ តាមអ្នកណាដែលអាណិតមេត្តាដល់ខ្ញុំ រួចគាត់ប្រាប់ថា ទៅចុះ កូនអើយ
3 នាងក៏ទៅរើសសន្សំក្នុងស្រែតាមពួកអ្នកច្រូត ហើយគាប់ជួនជានាងទៅក្នុងស្រែ១របស់បូអូស ដែលជាសាច់ញាតិនឹងអេលីម៉ាលេច
4 ឯបូអូសគាត់ចេញពីបេថ្លេហិម មកនិយាយនឹងពួកអ្នកចម្រូូតថា សូមព្រះយេហូវ៉ាគង់ជាមួយនឹងអ្នករាល់គ្នា គេឆ្លើយឡើងថា សូមព្រះយេហូវ៉ាប្រទានពរដល់លោក
5 រួចបូអូសសួរទៅអ្នកបម្រើ ដែលគាត់តាំងឲ្យត្រួតត្រាលើពួកចម្រូូតនោះថា នាងនេះជាកូនអ្នកណា
6 អ្នកបម្រើនោះឆ្លើយថា នោះគឺជាស្ត្រីសាសន៍ម៉ូអាប់ ដែលមកពីស្រុកម៉ូអាប់ជាមួយនឹងន៉ាអូមី
7 នាងក៏សូមដល់យើងខ្ញុំថា សូមឲ្យខ្ញុំរើសសន្សំតាមពួកអ្នកចម្រូូតផង ដូច្នេះ នាងបានមក ហើយបាននៅតាំងតែពីព្រលឹមរហូតដល់ពេលនេះ លើកតែកាលនាងសម្រាកនៅផ្ទះ១ភ្លែតប៉ុណ្ណោះ។
8 ដូច្នេះ បូអូសប្រាប់នាងរស់ថា ចូរស្តាប់ខ្ញុំ នាងអើយ កុំឲ្យនាងចេញពីស្រែនេះ ទៅរើសសន្សំក្នុងស្រែឯណាទៀតឡើយ ចូរនៅតែក្នុងទីនេះជិតពួកស្រីៗរបស់ខ្ញុំនេះហើយ
9 ចូរឲ្យភ្នែកនាងមើលតែស្រែដែលពួកនេះកំពុងច្រូត ហើយដើរតាមគេចុះ ខ្ញុំបានហាមដល់ពួកកំលោះ មិនឲ្យគេពាល់នាងទេ បើកាលណានាងស្រេកទឹក ឲ្យទៅឯក្អម ផឹកទឹកដែលពួកកំលោះបានដងហើយចុះ
10 នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ
11 បូអូសឆ្លើយទៅនាងថា គេបានប្រាប់ដល់ខ្ញុំ ពីគ្រប់ទាំងកិរិយា ដែលនាងបានប្រព្រឹត្តនឹងម្តាយក្មេក តាំងពីប្ដីនាងស្លាប់ចោលទៅ ហើយពីនាងបានលះចោលឪពុកម្តាយ និងស្រុកកំណើតរបស់នាង មកឯសាសន៍នេះ ដែលមិនបានស្គាល់កាលពីដើមផង
12 សូមព្រះយេហូវ៉ាប្រទានរង្វាន់ដល់នាង ហើយឲ្យនាងបានទទួលបំណាច់ដ៏ពោរពេញពីព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលនាងបានមកជ្រកក្រោមស្លាបទ្រង់ចុះ
13 រួចនាងនិយាយថា ឱលោកម្ចាស់ខ្ញុំអើយ សូមលោកមេត្តាប្រោសដល់ខ្ញុំផង ទោះបើខ្ញុំមិនមែនដូចជាពួកស្រីបម្រើរបស់លោកណាមួយក៏ដោយ គង់តែលោកបានកំសាន្តចិត្តខ្ញុំហើយ ព្រមទាំងនិយាយនឹងខ្ញុំជាអ្នកបម្រើលោក ដោយសប្បុរសដែរ។
14 លុះដល់ពេលបាយ បូអូសប្រាប់នាងថា អញ្ជើញមកហូប ហើយជ្រលក់អាហារទៅក្នុងទឹកខ្មេះចុះ នាងក៏អង្គុយនៅខាងពួកអ្នកចម្រូូត ឯគេក៏ហុចលាជមកឲ្យនាងដែរ ហើយនាងបានបរិភោគទាល់តែឆ្អែត ក៏យកខ្លះទុកដែរ
15 កាលនាងបានក្រោកឡើងទៅរើសទៀត នោះបូអូសប្រាប់ដល់ពួកកំលោះរបស់គាត់ថា ចូរបើកឲ្យនាងរើសយកក្នុងគំនរកណ្តាប់ស្រូវផងចុះ កុំឲ្យបន្ទោសនាងឡើយ
16 ហើយហូតគួរខ្លះពីកណ្តាប់ចេញ ទុកឲ្យនាងរើស កុំឲ្យស្តីថាដល់នាងឡើយ។
17 ដូច្នេះ នាងក៏រើសសន្សំនៅក្នុងស្រែនោះរហូតដល់ល្ងាច រួចនាងបែងស្រូវដែលបានរើសនោះ បានស្រូវឱកប្រហែលជា១ថាំង
18 នាងលើកទូលនាំយកទៅឯទីក្រុង ឯម្តាយក្មេកក៏ឃើញស្រូវដែលនាងរើសយកមកនោះ រួចនាងបញ្ចេញម្ហូបដែលសល់ពីនាងចម្អែត ជូនដល់ម្តាយក្មេក
19 គាត់ក៏សួរនាងថា នៅថ្ងៃនេះ ឯងបានរើសសន្សំនៅទីណា តើឯងបានធ្វើការនៅកន្លែងណា សូមពរដល់អ្នកណានោះ ដែលបានអាណិតមេត្តាដល់ឯង ដូច្នេះ នាងក៏រៀបរាប់ប្រាប់ម្តាយក្មេកពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា មនុស្សនោះដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ បូអូស
20 នោះគាត់និយាយទៅកូនប្រសាថា សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ ដោយព្រោះលោកមិនខាននឹងប្រព្រឹត្តដោយសប្បុរស ដល់ទាំងមនុស្សរស់ និងមនុស្សស្លាប់ផង រួចន៉ាអូមីនិយាយថា លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ លោកជាអ្នក១ដែលមានច្បាប់នឹងលោះឲ្យយើងបាន
21 នាងរស់ ជាសាសន៍ម៉ូអាប់នោះ ក៏ឆ្លើយឡើងថា ចាស លោកមានប្រសាសន៍នឹងខ្ញុំដែរថា ត្រូវឲ្យនាងនៅជាប់តែនឹងពួកកំលោះរបស់ខ្ញុំនេះ ដរាបដល់ច្រូតចម្រូូតទាំងប៉ុន្មានរបស់ខ្ញុំហើយ
22 នោះន៉ាអូមីនិយាយទៅនាងរស់ជាកូនប្រសាថា កូនអើយ បើឯងចេញទៅជាមួយនឹងពួកស្រីរបស់លោក មិនឲ្យមានអ្នកណាជួបនឹងឯងនៅស្រែឯទៀត នោះស្រួលហើយ
23 ដូច្នេះ នាងក៏នៅជាប់ជាមួយនឹងពួកស្រីរបស់បូអូសនោះ ទាំងខំរើសសន្សំទាល់តែចម្រូូតនៃស្រូវឱក និងស្រូវភោជ្ជសាលី បានហើយ នាងក៏នៅជាមួយនឹងម្តាយក្មេក។
នាងរស់ និងបូអូសនៅកន្លែងច្រូតស្រូវ
រានោះ ន៉ាអូមីជាម្តាយក្មេក និយាយទៅនាងថា កូនអើយ គួរឲ្យអញរកទីសម្រាកឲ្យឯងដែរ ដើម្បីឲ្យឯងបានស្រួលវិញ
នាងរស់ 3;1-18
2 ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន
3 ដូច្នេះ ចូរឯងងូតទឹក រួចលាបគ្រឿងក្រអូប ហើយតែងខ្លួនចូលទៅឯទីលាននោះចុះ តែកុំឲ្យលោកស្គាល់ឯងឡើយ ដរាបដល់លោកបានស៊ីផឹកហើយ
4 លុះដល់កាលណាលោកសំរាន្ត នោះត្រូវឲ្យឯងកំណត់ចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយពីខាងចុងជើងលោកចូលដេកទៅ នោះលោកនឹងប្រាប់ឲ្យឯងដឹងពីការដែលត្រូវធ្វើដូចម្តេច
5 នាងក៏ជម្រាបគាត់ថា ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្ដី ដែលអ្នកម្តាយមានប្រសាសន៍មកនោះ។
6 នាងក៏ចុះទៅឯទីលាន ធ្វើតាមគ្រប់ទាំងសេចក្ដីដែលម្តាយក្មេកបានបង្គាប់មក
7 កាលបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្តាប់ស្រូវ រួចនាងលបចូលទៅ បើកផួយពីខាងចុងជើងលោកដេកទៅ
8 លុះដល់ពេលកណ្តាលអធ្រាត្រ នោះលោកក៏នឹកខ្លាច ហើយភ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន
9 លោកសួរថាអ្នកណានេះ នាងឆ្លើយថា ខ្ញុំឈ្មោះរស់ ជាបាវស្រីរបស់លោក សូមបណ្តោយផួយលោកមកដណ្តប់ឲ្យបាវស្រីផង ដ្បិតលោកជាអ្នកមានច្បាប់នឹងលោះបាន
10 លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសម្ដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំលោះៗ ទោះក្រ ឬមានផង
11 ឥឡូវនេះ នាងអើយ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងធ្វើសម្រេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់
12 ឯខ្ញុំៗមានច្បាប់នឹងលោះមែន ប៉ុន្តែ មានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត
13 ដូច្នេះ ចូរបង្អង់នៅយប់នេះសិន ចាំដល់ព្រឹកឡើង បើគេចង់សម្រេចនឹងនាង តាមច្បាប់ជាសាច់ញាតិជិតដិតគ្នា នោះចូរឲ្យគេសម្រេចចុះ តែបើអ្នកនោះមិនព្រមទេ នោះខ្ញុំនឹងសម្រេចជាសាច់ញាតិជិតដិតនឹងនាងវិញ ខ្ញុំស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅដូច្នេះហើយ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ។
14 នាងក៏ដេកនៅត្រង់ចុងជើងលោក ទាល់តែព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា កុំឲ្យអ្នកណាដឹងថា មានស្ត្រីមកក្នុងទីលាននេះឲ្យសោះ
15 រួចលោកប្រាប់ថា ចូរយកក្រមាដែលនាងបង់នោះ មកត្រដាងកាន់ទៅ នាងក៏ត្រដាង នោះលោកវាល់ស្រូវឱក៦រង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ
16 កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ពីគ្រប់ទាំងសេចក្ដី ដែលលោកបានប្រព្រឹត្តដល់នាង
17 ហើយនាងនិយាយថា លោកឲ្យស្រូវឱកមកខ្ញុំ៦រង្វាល់នេះ ដោយពាក្យថា កុំឲ្យនាងត្រឡប់ទៅឯម្តាយក្មេកវិញដោយដៃទទេឡើយ
18 ដូច្នេះ ន៉ាអូមីប្រាប់ថា កូនអើយ ចូរឯងនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិនឈប់ខានទេ ទាល់តែបានបង្ហើយការនោះជាស្រេច។
ណាអូមីទទួលបានកូនប្រុសមួយ។
រីឯបូអូស លោកឡើងទៅអង្គុយនៅត្រង់ទ្វារទីក្រុង លំដាប់នោះសាច់ញាតិជិតដិត ដែលបូអូសបាននិយាយនោះ គាត់ក៏មកដល់ បូអូសហៅថា នែ បងអើយ សូមបែរមកអង្គុយនៅទីនេះសិន ដូច្នេះ គាត់ក៏បែរចូលមកអង្គុយ
នាងរស់ 4;122
2 ឯបូអូសលោកហៅយកពួកចាស់ទុំក្នុងក្រុងនោះចំនួន១០នាក់មកជម្រាបថា សូមអង្គុយនៅទីនេះចុះ គេក៏អង្គុយនៅ
3 រួចលោកនិយាយទៅសាច់ញាតិជិតដិតនោះថា ន៉ាអូមី ដែលបានវិលត្រឡប់មក ពីស្រុកម៉ូអាប់វិញ គាត់ចង់លក់ដី១ក្បាលរបស់អេលីម៉ាលេច ជាបងប្អូនយើង
4 ហើយខ្ញុំបានគិតថា ត្រូវជម្រាបឲ្យបងដឹងដែរ ដូច្នេះ សូមឲ្យបងទិញដីនោះ នៅចំពោះពួកអ្នកដែលអង្គុយនៅទីនេះ ហើយនៅមុខពួកចាស់ទុំនៃសាសន៍យើងចុះ បើបងចង់លោះដីនោះ សូមលោះទៅ តែបើមិនចង់លោះទេ សូមប្រាប់ឲ្យខ្ញុំបានដឹងផង ដ្បិតក្រៅពីបង នោះគ្មានអ្នកណាទៀតមានច្បាប់នឹងលោះបានទេ មានតែខ្ញុំដែលជាអ្នកបន្ទាប់បងប៉ុណ្ណោះ អ្នកនោះឆ្លើយឡើងថា ខ្ញុំព្រមលោះដែរ
5 បូអូសជម្រាបថា នៅថ្ងៃណាដែលបងទិញដីនោះពីន៉ាអូមី នោះត្រូវទិញពីនាងរស់ ជាសាសន៍ម៉ូអាប់ ប្រពន្ធរបស់បងប្អូនយើង ដែលស្លាប់នោះដែរ ដើម្បីនឹងបង្កើតឈ្មោះអ្នកនោះ នៅក្នុងមរដកគាត់ឡើងវិញ
6 អ្នកនោះឆ្លើយឡើងថា ខ្ញុំនឹងលោះសម្រាប់ខ្លួនខ្ញុំមិនបានទេ ក្រែងខ្ញុំបង្ខូចមរដករបស់ខ្ញុំទៅ ដូច្នេះ ចូរអ្នកយកច្បាប់របស់ខ្ញុំ និងលោះចុះ ដ្បិតខ្ញុំលោះមិនបានទេ។
7 រីឯនៅស្រុកអ៊ីស្រាអែល កាលពីដើមចំណែកខាងឯការលោះ ឬប្តូរ ដើម្បីនឹងសម្រេចគ្រប់ទាំងការ នោះត្រូវឲ្យម្នាក់ដោះស្បែកជើង ឲ្យដល់ម្នាក់ទៀត ការយ៉ាងនោះទុកជាទីបន្ទាល់ ឲ្យបានសម្រេចការក្នុងស្រុកអ៊ីស្រាអែល
8 ដូច្នេះ អ្នកដែលមានច្បាប់លោះនោះ ក៏និយាយទៅបូអូសថា ចូរទិញដីនោះសម្រាប់ខ្លួនអ្នកចុះ រួចក៏ដោះស្បែកជើងរបស់ខ្លួនចេញ
9 នោះបូអូសក៏ប្រកាសដល់ពួកចាស់ទុំ និងមនុស្សទាំងនោះថា នៅថ្ងៃនេះ សូមអ្នករាល់គ្នាចាំជាសាក្សីថា ខ្ញុំបានទិញទាំងអស់ដែលជារបស់អេលីម៉ាលេច និងរបស់គីលីយ៉ុន ហើយម៉ាឡូនពីន៉ាអូមីហើយ
10 មួយទៀត ខ្ញុំបានទិញនាងរស់ សាសន៍ម៉ូអាប់ ជាប្រពន្ធរបស់ម៉ាឡូន មកធ្វើជាប្រពន្ធខ្ញុំដែរ ដើម្បីនឹងបង្កើតឈ្មោះរបស់ម៉ាឡូននោះ នៅក្នុងមរដកគាត់ឡើងវិញ ប្រយោជន៍កុំឲ្យឈ្មោះគាត់ត្រូវកាត់ចេញពីពួកបងប្អូន និងពីទ្វារទីលំនៅរបស់គាត់ឡើយ អ្នករាល់គ្នាជាទីបន្ទាល់ នៅថ្ងៃនេះឯង
11 ដូច្នេះ ពួកអ្នកដែលនៅត្រង់ទ្វារក្រុង និងពួកចាស់ទុំក៏ឆ្លើយឡើងថា យើងទាំងអស់គ្នាជាទីបន្ទាល់ពិត សូមព្រះយេហូវ៉ាប្រោសឲ្យស្រីដែលចូលមកក្នុងផ្ទះអ្នក បានដូចជានាងរ៉ាជែល និងនាងលេអា ដែលទាំង២នោះបានបង្កើតពួកគ្រួអ៊ីស្រាអែលឡើងដែរ ក៏សូមឲ្យអ្នកបានចម្រើនឡើងក្នុងស្រុកអេប្រាតា ហើយមានល្បីឈ្មោះក្នុងក្រុងបេថ្លេហិមផង
12 សូមឲ្យអ្នកបានបង្កើតគ្រួសារឡើង អំពីពូជដែលព្រះយេហូវ៉ានឹងប្រទានដល់អ្នក ដោយសារស្ត្រីនេះ ឲ្យបានដូចជាគ្រួរបស់ពេរេស ជាកូនដែលនាងតាម៉ារ បានបង្កើតឲ្យយូដាដែរ។
13 ដូច្នេះ បូអូសបានយកបានយកនាងរស់ធ្វើជាប្រពន្ធ ក៏ចូលទៅឯនាង ហើយព្រះយេហូវ៉ាទ្រង់ប្រោសឲ្យនាងមានទំងន់បង្កើតបានកូនប្រុស១
14 នោះពួកស្រីៗ គេនិយាយនឹងន៉ាអូមីថា សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់មិនបានទុកអ្នកឲ្យឥតមានសាច់ញាតិជិតដិតនៅថ្ងៃនោះ បានប្រកបដោយព្រះពរ សូមឲ្យលោកបានល្បីទួទៅក្នុងពួកអ៊ីស្រាអែល
15 កូននេះនឹងបានសម្រាប់ជាទីតាំងជីវិតរបស់អ្នកឡើងវិញ ហើយនិងចិញ្ចឹមអ្នក ក្នុងកាលដែលចាស់ផង ដ្បិតកូនប្រសាស្រីដែលស្រឡាញ់អ្នក ហើយក៏វិសេសដល់អ្នក ជាជាងកូនប្រុស៧នាក់ផង នាងបានបង្កើតវាមក
16 ន៉ាអូមីក៏យកកូនតូចមកបីបម ហើយថែរក្សា
17 ឯពួកស្រីជាអ្នកជិតខាង គេក៏ដាក់ឈ្មោះកូននោះថា អូបិឌ ដោយថា មានកូនប្រុស១កើតមកឲ្យន៉ាអូមី នោះហើយជាឪពុកអ៊ីសាយ ដែលជាឪពុកដាវីឌ។
18 នេះហើយជាពង្សាវតាររបស់ពេរេស គឺពេរេសបង្កើតហេស្រុន
19 ហេស្រុនបង្កើតរ៉ាមៗបង្កើតអ័មីន៉ាដាប់
20 អ័មីន៉ាដាប់បង្កើតណាសូនៗបង្កើតសាលម៉ូន
21 សាលម៉ូនបង្កើតបូអូសៗបង្កើតអូបិឌ
22 អូបិឌបង្កើតអ៊ីសាយៗបង្កើតដាវីឌ។:៚