Skip to content

រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា
ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​ឯង​រាល់​គ្នា
ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សម្រាប់​គ្រួ​១
បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន
ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន
រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ត្រូវ​សម្លាប់​វា​នៅ​វេលា​ថ្ងៃ​លិច
រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង
ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​និង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង
មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​និង​អាការៈ​ខាង​ក្នុង​ផង
10 កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ
11 ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា
12 ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​និង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា
13 ឈាម​នោះ​នឹង​បាន​ជា​ទី​សម្គាល់​សម្រាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​និង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ
14 ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​តំណ​រៀង‌រាប​ត​ទៅ។
15 ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ
16 នៅ​ថ្ងៃ​ដំបូង ឯង​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ដល់​ថ្ងៃ​ទី​៧ នោះ​ក៏​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ទៀត នៅ​ថ្ងៃ​ទាំង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​សោះ​ឡើយ ធ្វើ​បាន​តែ​ម្ហូប​ដែល​ត្រូវ​បរិភោគ​ប៉ុណ្ណោះ
17 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​តំណ​រៀង‌រាប​ត​ទៅ
18 នៅ​ថ្ងៃ​១៤​ខែ​ដំបូង នោះ​ពី​ល្ងាច ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ ដរាប​ដល់​ល្ងាច​ថ្ងៃ​២១​ខែ​នោះ
19 ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី
20 មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឲ្យ​សោះ នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម្យ៉ាង​ប៉ុណ្ណោះ។
21 នោះ​ម៉ូសេ​ក៏​ហៅ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​មក​ប្រាប់​ថា ចូរ​ទៅ​យក​កូន​ចៀម តាម​គ្រួ​នៃ​អ្នក​រាល់​គ្នា ហើយ​សម្លាប់​ធ្វើ​បុណ្យ​រំលង​ទៅ
22 រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង
23 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ
24 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សម្រាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​ត​រៀង​ទៅ
25 កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន
26 បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច
27 នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ
28 ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​ក៏​ធ្វើ​សម្រេច​ការ​នោះ។
29 រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង
30 ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ និង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សម្រែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ
31 ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ
32 ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង
33 ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ
34 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ស្នាច​សម្រាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ
35 ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ
36 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។
37 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ
38 ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់
39 គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។
40 រីឯ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ
41 រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ
42 គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​គេ​ត​រៀង​ទៅ។
43 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ
44 តែ​អស់​ទាំង​បាវ​បម្រើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន
45 ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ
46 ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង
47 ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ
48 បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ
49 មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សម្រាប់​ពួក​អ្នក​ស្រុក ហើយ​និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។
50 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​បាន​ធ្វើ​សម្រេច​ការ​ទាំង​នោះ
51 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។

និក្ខមនំ12;1-51