Skip to content

សិន​ជា​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​លើក​ឯង​ឡើង​ជា​ខ្ពស់ លើស​ជាង​អស់​ទាំង​សាសន៍​នៅ​ផែនដី​ទាំង​ប៉ុន្មាន
រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង
ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​និង​មាន​ពរ​នៅ​ស្រែ​ចម្ការ​ដែរ
ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង និង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចម្រើន​របស់​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់
ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ
ឯង​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​និង​មាន​ពរ​ក្នុង​កាល​ដែល​ចេញ​ទៅ​ផង។
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​ឯង ត្រូវ​ចុះ​ចាញ់​នៅ​មុខ​ឯង គេ​នឹង​ចេញ​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​ឯង​ចេញ
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក
ទ្រង់​នឹង​តាំង​ឯង​សម្រាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ឯង​ហើយ គឺ​បើ​ឯង​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ផង
10 នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​ដល់​ឯង
11 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​ចម្រើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​ឯង
12 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ទ្រង់​ឲ្យ​ដល់​ឯង គឺ​ជា​ផ្ទៃ​មេឃ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ស្រុក​ឯង​តាម​រដូវ​កាល ហើយ​និង​ឲ្យ​ពរ​ដល់​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ
13 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង
14 ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​នោះ​ឡើយ។
15 ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង
16 គឺ​ឯង​នឹង​ត្រូវ​បណ្តាសា​នៅ​ក្នុង​ទី​ក្រុង ហើយ​នៅ​ស្រែ​ចម្ការ​ដែរ
17 ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​វិញ
18 ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ដី​ឯង ហើយ​និង​សេចក្ដី​ចម្រើន​របស់​ហ្វូង​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់
19 ឯង​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​និង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ​ផង។
20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្ដី​បណ្តាសា និង​សេចក្ដី​បាក់‌បប ហើយ​សេចក្ដី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះ‌បង់​ចោល​អញ
21 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ
22 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ និង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស និង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ និង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ
23 ឯ​មេឃ​ពី​លើ​ក្បាល​ឯង​នឹង​បាន​ដូច​ជា​លង្ហិន ហើយ​ដី​នៅ​ក្រោម​ឯង​នឹង​បាន​ដូច​ជា​ដែក
24 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។
25 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី
26 ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ
27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ និង​ឫស‌ដូង‌បាត កម ហើយ​និង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ
28 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង
29 ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង​ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់‌សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ
30 ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ
31 គេ​នឹង​សម្លាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង​ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង
32 គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កម្លាំង​សោះ
33 សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី និង​ការ​នឿយ​ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន​ជានិច្ច ហើយ​ជិះ‌ជាន់​ជា​ដរាប
34 ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក
35 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ជើង ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល ដែល​ឥត​មាន​អ្នក​ណា​មើល​ឲ្យ​ជា​បាន​ឡើយ។
36 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​និង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម
37 ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ និង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំណៀល​នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ
38 ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ
39 ឯង​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ
40 ឯង​នឹង​មាន​ដើម​អូលីវ​នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ
41 ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ
42 អស់​ទាំង​ដើម​ឈើ និង​ផល​កើត​ពី​ដី​របស់​ឯង នោះ​នឹង​បាន​ជា​របស់​ផង​កណ្តូប​វិញ
43 អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ទៅ​ជា​ខ្ពស់​ជាង​ឯង​ជា​ដរាប ហើយ​ឯង​នឹង​ចុះ​ទៅ​ជា​ទាប​ជាង​គេ
44 គេ​នឹង​ឲ្យ​ឯង​ខ្ចី តែ​ឯង​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​ឯង​នឹង​ទៅ​ជា​កន្ទុយ​វិញ។
45 គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​និង​ដេញ​តាម​ឯង​ទាន់​ផង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​មក​ឯង​នោះ
46 សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សម្រាប់​ជា​ទី​សម្គាល់ ហើយ​ជា​ទី​អស្ចារ្យ​នៅ​អស់​កល្ប‌ជានិច្ច។
47 ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីក‌រាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន
48 បាន​ជា​ឯង​ត្រូវ​បម្រើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ‌ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ
49 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចម្ងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន
50 ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង
51 គេ​នឹង​ស៊ី​ផល​ពី​ហ្វូង​សត្វ​ឯង និង​ពី​ដី​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ គេ​មិន​ទុក​ឲ្យ​ឯង​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ឡើយ ដរាប​ដល់​គេ​បាន​បំផ្លាញ​ឯង​អស់​រលីង​ទៅ
52 គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ
53 ហើយ​នៅ​វេលា​គេ​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ និង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ
54 អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ
55 ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំង​សត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង
56 ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់ ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្ដី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន
57 ហើយ​ដល់​ទាំង​កូន​ខ្ចី​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សម្រាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សម្ងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ និង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។
58 បើ​ឯង​មិន​ព្រម​ប្រយ័ត និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ ហើយ​គួរ​ស្ញែង‌ខ្លាច​នេះ គឺ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»
59 នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចម្លែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ និង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ
60 ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង
61 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​និង​សេចក្ដី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ
62 ហើយ​ទោះ​ពី​ដើម ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
63 នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​និង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​ចម្រើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ
64 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កម្ចាត់‌កម្ចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​និង​ថ្ម​ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​សោះ
65 នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សម្រាក​ឡើយ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ
66 ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ
67 នៅ​ពេល​ព្រឹក ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង
68 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដឹក​នាំ​ឯង​ដោយ​នាវា ត្រឡប់​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តាម​ផ្លូវ​ដែល​អញ​បាន​ប្រាប់​ឯង​ថា ឯង​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ ឯង​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ដើម្បី​នឹង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​ឯង​សោះ។
69 នោះ​ហើយ ជា​ពាក្យ​ទាំង​ប៉ុន្មាន​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​ម៉ូសេ​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​គេ​នៅ​ភ្នំ​ហោរែប​នោះ។

ចោទិយកថា28;1-69

សេ លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ដល់​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​និង​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​ភ្នែក​ឯង​ហើយ
គឺ​អស់​ទាំង​ការ​ល្បង​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ ព្រម​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំ​ផង
តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ
អញ​បាន​នាំ​ឯង​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ​ហើយ ឯ​សម្លៀក‌បំពាក់​របស់​ឯង នោះ​មិន​បាន​រេច​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​ឯង​ក៏​មិន​បាន​សឹក​ផង
ឯង​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង ឬ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​សោះ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
កាល​ឯង​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ
យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មរដក​ដល់​ពួក​រូបេន ពួក​កាឌ់ ហើយ​និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង
ដូច្នេះ ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ចម្រើន​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ។
នៅ​ថ្ងៃ​នោះ ឯង​ទាំង​អស់​គ្នា​កំពុង​ឈរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ទាំង​ពួក​មេ ទាំង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន និង​ពួក​ចាស់‌ទុំ ហើយ​និង​ពួក​នាយក​របស់​ឯង​រាល់​គ្នា ជា​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា
10 ព្រម​ទាំង​ពួក​កូន​ក្មេង និង​ប្រពន្ធ​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ពួក​ឯង តាំង​ពី​ពួក​អ្នក​កាប់​ឧស ទៅ​ដល់​អ្នក​ដែល​រែក​ទឹក​ឲ្យ​ឯង​ផង
11 ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​សេចក្ដី​សម្បថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ
12 គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​តាំង​ឯង ទុក​ជា​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង ហើយ​ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ដែរ។
13 អញ​តាំង​សេចក្ដី​សញ្ញា ហើយ​សម្បថ​នេះ មិន​មែន​តែ​នឹង​ឯង​រាល់​គ្នា​ប៉ុណ្ណោះ
14 គឺ​នឹង​ពួក​អ្នក​ដែល​ឈរ​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នេះ នា​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង នៅ​ថ្ងៃ​នេះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​នៅ​ឯ​នេះ ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ
15 (ដ្បិត​ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ដល់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​តាម​ផ្លូវ​ដែល​យើង​បាន​ដើរ​កាត់ កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ហួស​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ដឹង​ស្រាប់​ហើយ
16 ក៏​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ ពី​ថ្ម ប្រាក់ ហើយ​និង​មាស នៅ​ក្នុង​ពួក​គេ​នោះ​ដែរ)
17 ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​និង​ស្លែង
18 រួច​កាល​ណា​អ្នក​នោះ​ឮ​ពាក្យ​នៃ​សេចក្ដី​បណ្តាសា​នេះ នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា អញ​នឹង​មាន​សេចក្ដី​សុខ​ទេ ទោះ​បើ​អញ​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អញ ដើម្បី​នឹង​បន្ថែម​សេចក្ដី​ស្រវឹង ទៅ​លើ​សេចក្ដី​សំរេក​ក៏​ដោយ
19 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​អត់​ទោស​ដល់​អ្នក​នោះ​ឡើយ គឺ​សេចក្ដី​ខ្ញាល់ ហើយ​និង​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ចេញ
20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​អ្នក​នោះ ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សម្រាប់​តែ​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ តាម​អស់​ទាំង​ពាក្យ​បណ្តាសា​នៃ​សេចក្ដី​សញ្ញា​ដែល​កត់​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។
21 ឯ​តំណ​មនុស្ស​ក្រោយ​មក គឺ​កូន​ចៅ​ឯង​រាល់​គ្នា​ដែល​នឹង​កើត​ត​ពី​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​មក​ពី​ស្រុក​ឆ្ងាយ កាល​ណា​គេ​ឃើញ​អស់​ទាំង​សេចក្ដី​វេទនា​នៅ​ស្រុក​នោះ និង​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឈឺ
22 ហើយ​ឃើញ​ស្រុក​នោះ​សុទ្ធ​តែ​ស្ពាន់‌ធ័រ និង​អំបិល​ផង​ក៏​កំពុង​តែ​ឆេះ ឥត​ដែល​បាន​សាប‌ព្រោះ ឬ​លូត‌លាស់​ឥត​មាន​ស្មៅ​ដុះ​សោះ ដូច​ជា​កាល​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាត់ម៉ា ហើយ​និង​ក្រុង​សេបោម​ដែរ ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ដោយ​សេចក្ដី​ខ្ញាល់ ហើយ​និង​សេចក្ដី​ឃោរ‌ឃៅ​របស់​ទ្រង់
23 នោះ​គ្រប់​ទាំង​សាសន៍​នឹង​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ស្រុក​នេះ​យ៉ាង​ដូច្នេះ សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ដ៏​ឆេះ​ក្តៅ បាន​កើត​ឡើង​ដោយ​ព្រោះ​អ្វី
24 នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ
25 គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ គឺ​ជា​ព្រះ​ដែល​ទ្រង់​ក៏​មិន​បាន​ប្រទាន​ឲ្យ​គេ​ផង
26 ហេតុ​នោះ​ហើយ​បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង​ទាស់​នឹង​ស្រុក​នេះ ដើម្បី​នឹង​នាំ​អស់​ទាំង​សេចក្ដី​បណ្តាសា ដែល​កត់​ក្នុង​គម្ពីរ​នេះ​មក​លើ​គេ
27 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រំលើង​គេ​ពី​ស្រុក​ចេញ ដោយ​សេចក្ដី​ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ ហើយ​និង​សេចក្ដី​ក្តៅ​ក្រហាយ​ដ៏​ជា​ខ្លាំង​របស់​ទ្រង់ ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​១​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
28 ឯ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ទេ តែ​សេចក្ដី​ដែល​បាន​បើក​សម្ដែង​មក​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​យើង​រាល់​គ្នា ហើយ​និង​កូន​ចៅ​យើង ជា​រៀង‌រាប​ដរាប​វិញ ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។

ចោទិយកថា29;1-28

ល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ និង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត
ហើយ​ឯង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រម​ទាំង​កូន​ចៅ​ឯង​ផង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង
នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បំផ្លាស់​សណ្ឋាន​ឈ្លើយ​របស់​ឯង ព្រម​ទាំង​អាណិត​មេត្តា​ដល់​ឯង ហើយ​និង​ប្រមូល​ឯង​មក​ពី​គ្រប់​ទាំង​សាសន៍ ជា​កន្លែង​ដែល​ទ្រង់​បាន​កម្ចាត់‌កម្ចាយ​ឯង​ទៅ​នៅ​នោះ​មក​វិញ
ទោះ​បើ​ពួក​ឯង​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ គង់​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រមូល ហើយ​នាំ​យក​ឯង​ពី​ទី​នោះ​មក​វិញ​ដែរ
ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​ពួក​អយ្យកោ​ឯង​បាន​ចាប់​យក ហើយ​ឯង​នឹង​ទទួល​យក​ស្រុក​នោះ​វិញ នោះ​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​និង​ចម្រើន​ឯង​ឲ្យ​មាន​គ្នា​ជា​ច្រើន លើស​ជាង​ពួក​អយ្យកោ​ឯង​ទៅ​ទៀត
ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​និង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ
រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដាក់​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ ទៅ​លើ​ពួក​ខ្មាំង​សត្រូវ និង​លើ​ពួក​អ្នក​ដែល​ស្អប់​ឯង ដែល​គេ​បាន​ធ្វើ​ទុក្ខ​ឯង​វិញ
នោះ​ឯង​នឹង​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​មក​នៅ​ថ្ងៃ​នេះ
រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចម្រើន​គ្រប់​ទាំង​ការ ដែល​ដៃ​ឯង​ធ្វើ ឲ្យ​មាន​ជា​បរិបូរ ព្រម​ទាំង​ផល​កើត​ពី​ពោះ​ឯង និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង​ផង សម្រាប់​ជា​សេចក្ដី​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មាន​សេចក្ដី​អំណរ ដើម្បី​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​វិញ​ទៀត ដូច​ជា​ពី​ដើម ទ្រង់​បាន​មាន​សេចក្ដី​អំណរ​នឹង​ពួក​អយ្យកោ​ឯង​ដែរ
10 គឺ​បើ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​បើ​ឯង​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង។
11 ដ្បិត​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​ឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ
12 គឺ​មិន​មែន​នៅ​លើ​ស្ថាន‌សួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ
13 ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ
14 គឺ​ព្រះ‌បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង និង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន។
15 មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង
16 ដោយ​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ហើយ​និង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង ហើយ​ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ
17 ប៉ុន្តែ បើ​ចិត្ត​ឯង​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម ក៏​យល់​ព្រម​ឲ្យ​គេ​ប្រទាញ​នាំ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​វិញ
18 នោះ​អញ​ប្រាប់​ឯង​រាល់​គ្នា​ដោយ​ត្រង់ នៅ​ថ្ងៃ​នេះ​ថា ឯង​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន គឺ​ឯង​មិន​បាន​រស់​នៅ​ជា​យូរ​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ចាប់​យក​នោះ​ទេ
19 អញ​អាង​ដល់​ស្ថាន‌សួគ៌ និង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្ដី​ស្លាប់ ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង
20 ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ជីវិត​នៃ​ឯង ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ ឲ្យ​ឯង​បាន​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ថា​នឹង​ឲ្យ​ដល់​គេ។ ចោទិយកថា30;1-30

ចោទិយកថា