Skip to content

19 នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ
20 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់
21 រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្ដី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ
22 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ
23 បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។

យ៉ូហាន ២០:១៩​-​២៣

រោយ​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​សម្ដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សម្ដែង​មក​បែប​យ៉ាង​នេះ
មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា​ស្រុក​កាលី‌ឡេ កូន​សេបេដេ​ទាំង​២ និង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា
នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ
ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ថា​ព្រះ‌យេស៊ូវ​ទេ
ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ
រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទម្លាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់
នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក
ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ
កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ និង​នំបុ័ង​ដែរ
10 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​នោះ​មក
11 ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ
12 ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ
13 ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ
14 នោះ​ជា​គម្រប់​៣​ដង​ហើយ ដែល​ព្រះ‌យេស៊ូវ​សម្ដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។
15 កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា​ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង
16 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ
17 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​គម្រប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​គម្រប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង
18 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង
19 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​តម្កើង​ព្រះ កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ។
20 ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ​ដែល​បញ្ជូន​ទ្រង់
21 កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ
22 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ
23 ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។
24 គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្ដី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ
25 មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។:៚

យ៉ូហាន ២១:១​-​២៥

​លោក​ថេវ‌ភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ បាន​ចាប់​តាំង​ធ្វើ ហើយ​បង្រៀន
ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស
ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សម្ដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយ‌សារ​ភស្តុ‌តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សម្ដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ
រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះ‌វរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ
ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។
ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នោះ
តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះ‌វរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ
ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង
កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។
10 កំពុង​ដែល​គេ​ងើយ​សម្លឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា
11 ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ

កិច្ចការ 1:1-11

ល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ក៏​ងើប​ព្រះ‌នេត្រ​ទៅ​លើ​មេឃ ទូល​ថា ឱ​ព្រះ‌វរ‌បិតា​អើយ កំណត់​បាន​មក​ដល់​ហើយ សូម​តម្កើង​ព្រះ‌រាជ‌បុត្រា​ទ្រង់ ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​តម្កើង​ទ្រង់​ដែរ
ដូច​ជា​ទ្រង់​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​អំណាច​លើ​គ្រប់​ទាំង​មនុស្ស ដើម្បី​នឹង​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដល់​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ព្រះ‌រាជ‌បុត្រា​ដែរ
នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​១ និង​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង
ទូល‌បង្គំ​បាន​តម្កើង​ទ្រង់ នៅ​ផែនដី ទូល‌បង្គំ​បាន​បង្ហើយ​ការ ដែល​ទ្រង់​បាន​ប្រគល់​មក​ឲ្យ​ធ្វើ
ឥឡូវ​នេះ ឱ​ព្រះ‌វរ‌បិតា​អើយ សូម​តម្កើង​ទូល‌បង្គំ​ឡើង​ជា​មួយ​នឹង​ទ្រង់​ផង ដោយ​សិរី‌ល្អ​ដែល​ទូល‌បង្គំ​មាន​ជា​មួយ​នឹង​ទ្រង់ ក្នុង​កាល​ដែល​លោកីយ៍​មិន​ទាន់​បាន​កើត​នៅ​ឡើយ។
ឯ​ពួក​អ្នក ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ អំពី​មនុស្ស​លោក នោះ​ទូល‌បង្គំ​បាន​បើក​សម្ដែង​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ អ្នក​ទាំង​នោះ​ជា​របស់​ផង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​គេ​មក​ទូល‌បង្គំ គេ​ក៏​កាន់​តាម​ព្រះ‌បន្ទូល​ទ្រង់
ឥឡូវ​នេះ គេ​ដឹង​ថា គ្រប់​ទាំង​អស់​ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ នោះ​សុទ្ធ​តែ​កើត​ពី​ទ្រង់​មក
ដ្បិត​អស់​ទាំង​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ប្រទាន​មក នោះ​ទូល‌បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ គេ​ក៏​ទទួល​យក ហើយ​ដឹង​ជា​ប្រាកដ​ថា ទូល‌បង្គំ​ចេញ​ពី​ទ្រង់​មក ក៏​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន
ទូល‌បង្គំ​អធិស្ឋាន​ឲ្យ​គេ មិន​មែន​អធិស្ឋាន​ឲ្យ​លោកីយ៍​ទេ គឺ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ​វិញ ពី​ព្រោះ​គេ​ជា​របស់​ផង​ទ្រង់
10 (របស់​ទូល‌បង្គំ​ទាំង​អស់​ជា​របស់​ផង​ទ្រង់ ហើយ​របស់​ទ្រង់​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​ផង​ទូល‌បង្គំ​ដែរ) ទូល‌បង្គំ​បាន​ថ្កើង​ឡើង​ក្នុង​គេ
11 អ្នក​ទាំង​នេះ​នៅ​ក្នុង​លោកីយ៍ តែ​ទូល‌បង្គំ​មិន​នៅ​ក្នុង​លោកីយ៍​ទៀត​ទេ ទូល‌បង្គំ​នឹង​ទៅ​ឯ​ទ្រង់ ឱ​ព្រះ‌វរ‌បិតា​ដ៏​បរិសុទ្ធ​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​សូម​ទ្រង់​រក្សា​គេ​ដោយ​ព្រះ‌នាម​ទ្រង់​ផង ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​១ ដូច​ជា​យើង​ដែរ
12 កាល​ទូល‌បង្គំ​នៅ​ក្នុង​លោកីយ៍​ជា​មួយ​នឹង​គេ នោះ​ទូល‌បង្គំ​បាន​រក្សា​គេ ដោយ​ព្រះ‌នាម​ទ្រង់​ដែរ ទូល‌បង្គំ​បាន​រក្សា​ទុក​នូវ​អស់​អ្នក ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ គ្មាន​អ្នក​ណា​មួយ​ត្រូវ​វិនាស​ឡើយ បាន​វិនាស​តែ​១​នាក់​នោះ ដែល​បាន​តម្រូវ​ឲ្យ​ត្រូវ​វិនាស​ប៉ុណ្ណោះ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​បទ​គម្ពីរ
13 ឥឡូវ​នេះ ទូល‌បង្គំ​ទៅ​ឯ​ទ្រង់ តែ​ទូល‌បង្គំ​ថ្លែង​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​លោកីយ៍ ដើម្បី​ឲ្យ​គេ​បាន​សេចក្ដី​អំណរ​របស់​ទូល‌បង្គំ ឲ្យ​នៅ​ពោរ‌ពេញ​ក្នុង​ខ្លួន​គេ
14 ទូល‌បង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ៍​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ៍​ទេ ដូច​ជា​ទូល‌បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ
15 ទូល‌បង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ៍​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ
16 គេ​មិន​មែន​ជា​របស់​ផង​លោកីយ៍ ដូច​ជា​ទូល‌បង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ៍​ដែរ
17 សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់
18 ទូល‌បង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់​ទូល‌បង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ
19 ឯ​ទូល‌បង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។
20 ទូល‌បង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូល‌បង្គំ ដោយ‌សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ
21 ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះ‌វរ‌បិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ពិត
22 ឯ​សិរី‌ល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ
23 គឺ​ទូល‌បង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូល‌បង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ៍​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូល‌បង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូល‌បង្គំ​ដែរ។
24 ឱ​ព្រះ‌វរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ ក្នុង​កន្លែង​ដែល​ទូល‌បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូល‌បង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូល‌បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក
25 ឱ​ព្រះ‌វរ‌បិតា​ដ៏​សុចរិត​អើយ លោកីយ៍​មិន​ស្គាល់​ទ្រង់​ទេ តែ​ទូល‌បង្គំ​ស្គាល់​ទ្រង់ ហើយ​ពួក​អ្នក​នេះ​ក៏​ដឹង​ថា ទ្រង់​បាន​ចាត់​ឲ្យ​ទូល‌បង្គំ​មក​ដែរ
26 ទូល‌បង្គំ​បាន​ឲ្យ​គេ​ស្គាល់​ព្រះ‌នាម​ទ្រង់ ក៏​នឹង​សម្ដែង​ឲ្យ​គេ​ស្គាល់​ត​ទៅ​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់ ដែល​ទ្រង់​ស្រឡាញ់​ដល់​ទូល‌បង្គំ បាន​នៅ​ក្នុង​គេ ហើយ​ឲ្យ​ទូល‌បង្គំ​នៅ​ក្នុង​គេ​ដែរ។

យ៉ូហាន 17;126

ល​មុន​បុណ្យ​រំលង នោះ​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប​ថា ពេល​កំណត់ ដែល​ទ្រង់​ត្រូវ​ចេញ​ពី​លោកីយ៍​នេះ ទៅ​ឯ​ព្រះ‌វរ‌បិតា​វិញ បាន​មក​ដល់​ហើយ ដូច្នេះ ដែល​ទ្រង់​បាន​ស្រឡាញ់​ដល់​ពួក​ទ្រង់​នៅ​ក្នុង​លោកីយ៍​នេះ នោះ​ទ្រង់​ក៏​ចេះ​តែ​ស្រឡាញ់​គេ ដរាប​ដល់​ចុង​បំផុត
កំពុង​ពេល​បាយ​យប់​នោះ​ឯង កាល​អារក្ស​បាន​បញ្ចូល​ចិត្ត​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន ឲ្យ​បញ្ជូន​ទ្រង់​ហើយ
នោះ​ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ជ្រាប​ថា ព្រះ‌វរ‌បិតា​បាន​ប្រគល់​ការ​ទាំង​អស់​មក​ក្នុង​ព្រះ‌ហស្ត​ទ្រង់ ហើយ​ថា ទ្រង់​មក​ពី​ព្រះ ក៏​ត្រូវ​ទៅ​ឯ​ព្រះ​វិញ
បាន​ជា​ទ្រង់​ក្រោក​ពី​សោយ​ឡើង ដោះ​ព្រះ‌ពស្ត្រ​ពេញ រួច​យក​ក្រមា​មក​ក្រវាត់​អង្គ
ក្រោយ​នោះ​ទ្រង់​ចាក់​ទឹក​ក្នុង​ចាន​ក្លាំ ចាប់​តាំង​លាង​ជើង​ពួក​សិស្ស ហើយ​យក​ក្រមា​ដែល​ទ្រង់​ក្រវាត់​នោះ​មក​ជូត
កាល​ទ្រង់​មក​ដល់​ស៊ីម៉ូន-ពេត្រុស នោះ​គាត់​ទូល​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​លាង​ជើង​ឲ្យ​ទូល‌បង្គំ​ឬ
ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា ការ​ដែល​ខ្ញុំ​ធ្វើ នោះ​អ្នក​មិន​យល់​ក្នុង​ពេល​ឥឡូវ​នេះ​ទេ តែ​ទៅ​មុខ​ទើប​នឹង​បាន​យល់​វិញ
ពេត្រុស​ទូល​ប្រកែក​ថា ទ្រង់​មិន​ត្រូវ​លាង​ជើង​ឲ្យ​ទូល‌បង្គំ​សោះ​ឡើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា បើ​ខ្ញុំ​មិន​លាង​ឲ្យ​អ្នក នោះ​អ្នក​គ្មាន​ចំណែក​ជា​មួយ​នឹង​ខ្ញុំ​ទេ
ស៊ីម៉ូន-ពេត្រុស​ទូល​ទ្រង់​ថា ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នោះ សូម​កុំ​លាង​ត្រឹម​តែ​ជើង​ទូល‌បង្គំ​ប៉ុណ្ណោះ​ឡើយ គឺ​សូម​លាង​ដល់​ទាំង​ដៃ​ទាំង​ក្បាល​ផង​ចុះ
10 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា អ្នក​ដែល​ងូត​ទឹក​ហើយ នោះ​ត្រូវ​ការ​លាង​តែ​ជើង​ប៉ុណ្ណោះ ឲ្យ​បាន​ស្អាត​ទាំង​អស់ ឯ​អ្នក​រាល់​គ្នា​ក៏​បាន​ស្អាត​ហើយ តែ​មិន​មែន​ទាំង​អស់​គ្នា​ទេ
11 នេះ​ព្រោះ​ទ្រង់​ជ្រាប​នូវ​អ្នក​ណា​ដែល​នឹង​បញ្ជូន​ទ្រង់ ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​មិន​មែន​ស្អាត​គ្រប់​គ្នា​ទេ។
12 កាល​ទ្រង់​បាន​លាង​ជើង​គេ​រួច ហើយ​បាន​ពាក់​ព្រះ‌ពស្ត្រ​ទ្រង់​វិញ នោះ​ក៏​គង់​នៅ​តុ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​យល់​ការ​ដែល​ខ្ញុំ​ទើប​នឹង​ធ្វើ​នេះ​ឬ​ទេ
13 អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ជា​លោក​គ្រូ ហើយ​ជា​ព្រះ‌អម្ចាស់ នោះ​ក៏​ត្រូវ​មែន ពី​ព្រោះ​គឺ​ខ្ញុំ​នេះ​ហើយ
14 ដូច្នេះ បើ​ខ្ញុំ ដែល​ជា​ព្រះ‌អម្ចាស់ ហើយ​ជា​គ្រូ បាន​លាង​ជើង ឲ្យ​អ្នក​រាល់​គ្នា នោះ​គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​លាង​ជើង ដល់​គ្នា​នឹង​គ្នា​ដែរ
15 ដ្បិត​ខ្ញុំ​បាន​ធ្វើ​តម្រាប់​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រាប់​តាម​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​នោះ
16 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ ហើយ​អ្នក​បម្រើ​ក៏​មិន​ធំ​ជាង​អ្នក​ដែល​ប្រើ​ដែរ
17 បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​មាន​ពរ​ហើយ
18 ខ្ញុំ​មិន​មែន​និយាយ​ពី​អ្នក​រាល់​គ្នា​ទាំង​អស់​ទេ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​រើស ប៉ុន្តែ បទ​គម្ពីរ​ដែល​ថា «អ្នក​ដែល​បរិភោគ​នំបុ័ង ជា​មួយ​នឹង​ទូល‌បង្គំ នោះ​បាន​លើក​កែង‌ជើង ទាស់​នឹង​ទូល‌បង្គំ​វិញ» ពាក្យ​នោះ​ត្រូវ​តែ​បាន​សម្រេច
19 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ឥឡូវ​នេះ មុន​ដែល​ការ​នោះ​កើត​មក ដើម្បី​កាល​ណា​បាន​កើត​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ​ថា គឺ​ខ្ញុំ​នេះ​ហើយ
20 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។
21 កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​តប់‌ប្រមល់ ហើយ​ក៏​ធ្វើ​បន្ទាល់​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មាន​ពួក​អ្នក​រាល់​គ្នា​ម្នាក់​នឹង​បញ្ជូន​ខ្ញុំ
22 ដូច្នេះ ពួក​សិស្ស​ក៏​ងាក​មើល​គ្នា​ទៅ​វិញ​ទៅ​មក មិន​ដឹង​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​អ្នក​ណា​ទេ
23 មាន​សិស្ស​ម្នាក់​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​អង្គុយ​នៅ​តុ ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់
24 ដូច្នេះ ស៊ីម៉ូន-ពេត្រុស​ក៏​ធ្វើ​គ្រឿង​សម្គាល់ ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះ‌យេស៊ូវ អំពី​អ្នក​ណា​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នោះ
25 អ្នក​នោះ​ក៏​ទូល​សួរ​ព្រះ‌យេស៊ូវ ទាំង​ទំរេត​លើ​ព្រះ‌ឧរា​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា
26 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា គឺ​ជា​អ្នក​ដែល​ខ្ញុំ​នឹង​ជ្រលក់​ចំណិត​នំបុ័ង​ហុច​ទៅ​ឲ្យ រួច​ទ្រង់​ជ្រលក់​នំបុ័ង​១​ចំណិត ប្រទាន​ទៅ​ឲ្យ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​កូន​ស៊ីម៉ូន
27 ក្រោយ​ដែល​ទទួល​ចំណិត​នោះ​ហើយ នោះ​អារក្ស​សាតាំង​ក៏​ចូល​វា រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា ការ​អ្វី​ដែល​អ្នក​គិត​ធ្វើ នោះ​ចូរ​ធ្វើ​ជា​ប្រញាប់​ទៅ​ចុះ
28 ប៉ុន្តែ ក្នុង​ពួក​អ្នក​ដែល​អង្គុយ​នៅ​តុ គ្មាន​អ្នក​ណា​ដឹង​ថា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​វា ដោយ​ហេតុ​អ្វី​ទេ
29 ខ្លះ​ស្មាន​ថា ដោយ​ព្រោះ​យូដាស​កាន់​ថង់​ប្រាក់ បាន​ជា​ព្រះ‌យេស៊ូវ ទ្រង់​ប្រាប់​ឲ្យ​វា​ទៅ​ទិញ​អីវ៉ាន់​អ្វី​នីមួយ ដែល​ត្រូវ​ការ​សម្រាប់​បុណ្យ​នោះ ឬ​ឲ្យ​វា​ចែក​ទាន​អ្វី​ដល់​ពួក​អ្នក​ក្រីក្រ
30 កាល​វា​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ។
31 កាល​វា​ចេញ​ផុត​ទៅ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា ឥឡូវ​នេះ កូន​មនុស្ស​បាន​តម្កើង​ឡើង ហើយ​ព្រះ​ក៏​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស​ដែរ
32 បើ​សិន​ជា​ព្រះ​បាន​តម្កើង​ឡើង​ក្នុង​កូន​មនុស្ស នោះ​ទ្រង់​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ក្នុង​ព្រះ‌អង្គ​ទ្រង់​ដែរ ក៏​នឹង​តម្កើង​កូន​មនុស្ស​ឡើង​ជា​១​រំពេច​ផង
33 ឱ​កូន​រាល់​គ្នា​អើយ ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​តែ​បន្តិច​ទៀត​ទេ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​ដូច​ជា​ខ្ញុំ​បាន​ប្រាប់​ដល់​ពួក​សាសន៍​យូដា​រួច​ហើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ទេ ឥឡូវ​នេះ ខ្ញុំ​ក៏​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ
34 ខ្ញុំ​ឲ្យ​សេចក្ដី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ
35 គេ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ‌សារ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។
36 ស៊ីម៉ូន-ពេត្រុស​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​យាង​ទៅ​ឯ​ណា ព្រះ‌យេស៊ូវ​ទ្រង់​ឆ្លើយ​ថា កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​ពុំ​អាច​នឹង​ទៅ​តាម ក្នុង​គ្រា​ឥឡូវ​នេះ​បាន​ទេ លុះ​គ្រា​ក្រោយ​ទើប​អ្នក​នឹង​ទៅ​បាន
37 ពេត្រុស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​ទៅ​តាម ក្នុង​គ្រា​នេះ​ពុំ​បាន ទូល‌បង្គំ​ស៊ូវ​តែ​ប្តូរ​ជីវិត​ជំនួស​ទ្រង់
38 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា តើ​អ្នក​នឹង​ប្តូរ​ជីវិត​ជំនួស​ខ្ញុំ​ឬ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា មាន់​មិន​រងាវ​ទៀត ទាល់​តែ​អ្នក​បាន​ប្រកែក​៣​ដង ថា​មិន​ស្គាល់​ខ្ញុំ។

យ៉ូហាន13;1-38

​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ
នៅ​ក្នុង​ដំណាក់​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា
បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ
ឯ​កន្លែង​ដែល​ខ្ញុំ​ទៅ នោះ​អ្នក​រាល់​គ្នា​ក៏​ដឹង ហើយ​ក៏​ស្គាល់​ផ្លូវ​ទៅ​ដែរ
ថូម៉ាស​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ថា​ទ្រង់​យាង​ទៅ​ឯ​ណា​ទេ ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន
ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរ‌បិតា​បាន​ឡើយ
បើ​អ្នក​រាល់​គ្នា​បាន​ស្គាល់​ខ្ញុំ នោះ​បាន​ស្គាល់​ព្រះ‌វរ‌បិតា​ដែរ អំពី​នេះ​ទៅ​មុខ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ទ្រង់​ផង
ភីលីព​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ សូម​បង្ហាញ​ព្រះ‌វរ‌បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង នោះ​យើង​ខ្ញុំ​ពេញ​ចិត្ត​ហើយ
ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា ភីលីព​អើយ ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​យូរ​ដល់​ម៉្លេះ ហើយ​អ្នក​មិន​ទាន់​ស្គាល់​ខ្ញុំ​ឬ អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះ‌វរ‌បិតា​ដែរ ចុះ​ធ្វើ​ដូច​ម្តេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​ឲ្យ​ឃើញ​ព្រះ‌វរ‌បិតា​ផង​ដូច្នេះ
10 តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរ‌បិតា ហើយ​ព្រះ‌វរ‌បិតា​គង់​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ​អី អស់​ទាំង​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​មែន​ប្រាប់ ដោយ​អាង​ខ្លួន​ខ្ញុំ​ទេ គឺ​ជា​ព្រះ‌វរ‌បិតា​ដែល​គង់​ក្នុង​ខ្ញុំ ទ្រង់​ធ្វើ​ការ​ទាំង​នោះ​វិញ
11 ចូរ​ជឿ​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរ‌បិតា ហើយ​ព្រះ‌វរ‌បិតា​ក៏​គង់​ក្នុង​ខ្ញុំ ពុំ​នោះ​សោត ឲ្យ​ជឿ​ខ្ញុំ​ដោយ​ព្រោះ​ការ​ទាំង​នោះ​ឯង​ចុះ
12 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ជឿ​ដល់​ខ្ញុំ នោះ​នឹង​ធ្វើ​ការ​ដែល​ខ្ញុំ​ធ្វើ​ដែរ ក៏​នឹង​ធ្វើ​ការ​ធំ​ជាង​ការ​ទាំង​នោះ​ទៅ​ទៀត ពី​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា
13 ហើយ​ការ​អ្វី​ក៏​ដោយ ដែល​អ្នក​រាល់​គ្នា​នឹង​សូម ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ ដើម្បី​ឲ្យ​ព្រះ‌វរ‌បិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា
14 បើ​អ្នក​រាល់​គ្នា​នឹង​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្រេច​ឲ្យ។
15 បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ
16 នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ‌វរ‌បិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ
17 គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​លោកីយ៍​ទទួល​ពុំ​បាន ព្រោះ​មិន​ឃើញ ហើយ​មិន​ស្គាល់​ទ្រង់​សោះ តែ​អ្នក​រាល់​គ្នា​ស្គាល់​ទ្រង់ ដ្បិត​ទ្រង់​គង់​ជា​មួយ ក៏​នឹង​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ
18 ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ
19 បន្តិច​ទៀត លោកីយ៍​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ ហើយ​ដោយ​ព្រោះ​ខ្ញុំ​រស់ នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ដែរ
20 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរ‌បិតា​ខ្ញុំ អ្នក​រាល់​គ្នា​ក៏​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា​ដែរ
21 អ្នក​ណា​ដែល​មាន​បញ្ញត្ត​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង
22 យូដាស (មិន​មែន​អ៊ីស្កា‌រីយ៉ុត) គាត់​ទូល​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​កើត​មាន​ហេតុ​ដូច​ម្តេច បាន​ជា​ទ្រង់​នឹង​សម្ដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ទ្រង់ តែ​មិន​ឲ្យ​លោកីយ៍​ស្គាល់​ផង
23 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​ព្រះ‌វរ‌បិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​ឯ​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ នៅ​ជា​មួយ​ដែរ
24 អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ទេ ឯ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យ​ខ្ញុំ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌វរ‌បិតា ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ​តើ។
25 ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដល់​អ្នក​រាល់​គ្នា កំពុង​ដែល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ
26 តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌វរ‌បិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្ដី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ
27 ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ
28 អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ទៅ ហើយ​និង​មក​ឯ​អ្នក​រាល់​គ្នា​វិញ បើ​សិន​ជា​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​ខ្ញុំ នោះ​នឹង​មាន​សេចក្ដី​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា ដ្បិត​ព្រះ‌វរ‌បិតា​ទ្រង់​ធំ​លើស​ជាង​ខ្ញុំ
29 ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ដែល​ការ​នោះ​មក​ដល់ ដើម្បី​កាល​ណា​មក​ហើយ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ
30 ពី​នេះ​ទៅ​មុខ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ជិត​មក​ដល់​ហើយ តែ​វា​គ្មាន​អ្វី​នៅ​ក្នុង​ខ្ញុំ​ទេ
31 គឺ​ខ្ញុំ​ធ្វើ​បង្គាប់​ព្រះ‌វរ‌បិតា​វិញ ដើម្បី​ឲ្យ​លោកីយ៍​បាន​ដឹង​ថា ខ្ញុំ​ស្រឡាញ់​ដល់​ទ្រង់ ចូរ​យើង​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ។

យ៉ូហាន14;1-31

ញុំ​ជា​ដើម​ទំពាំង‌បាយ‌ជូរ​ដ៏​ពិត ហើយ​ព្រះ‌វរ‌បិតា​ខ្ញុំ​ជា​អ្នក​ដាំ
អស់​ទាំង​ខ្នែង​ណា​ដុះ​ចេញ​ពី​ខ្ញុំ ដែល​មិន​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​កាត់​ចោល តែ​អស់​ទាំង​ខ្នែង​ណា ដែល​បង្កើត​ផល​ផ្លែ នោះ​ទ្រង់​លួស​ខ្នែង​នោះ​វិញ ដើម្បី​ឲ្យ​បាន​ផល​ផ្លែ​ជា​ច្រើន​ឡើង
ឯ​អ្នក​រាល់​គ្នា បាន​ស្អាត​ហើយ ដោយ‌សារ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់
ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​ខ្នែង បើ​មិន​នៅ​ជាប់​នឹង​គល់ នោះ​ពុំ​អាច​នឹង​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ទេ ដូច្នេះ អ្នក​រាល់​គ្នា​ក៏​ពុំ​បាន​ដែរ លើក​តែ​នៅ​ជាប់​នឹង​ខ្ញុំ
ខ្ញុំ​ជា​គល់ អ្នក​រាល់​គ្នា​ជា​ខ្នែង អ្នក​ណា​ដែល​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ជាប់​នឹង​អ្នក​នោះ នោះ​ទើប​នឹង​បង្កើត​ផល​ឡើង​ជា​ច្រើន ដ្បិត​បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទេ
បើ​អ្នក​ណា​មិន​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ត្រូវ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ក៏​ក្រៀម​ទៅ​ដូច​ជា​ខ្នែង​ដែរ រួច​គេ​ប្រមូល​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ
បើ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ពាក្យ​ខ្ញុំ​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា នោះ​ចូរ​សូម​អ្វី​តាម​តែ​ប្រាថ្នា​ចុះ សេចក្ដី​នោះ​នឹង​បាន​សម្រេច​ដល់​អ្នក​រាល់​គ្នា​ជា​មិន​ខាន
ព្រះ‌វរ‌បិតា​ខ្ញុំ​បាន​តម្កើង​ឡើង ដោយ​សេចក្ដី​នេះ​ឯង គឺ​ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ជា​ច្រើន យ៉ាង​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សិស្ស​ខ្ញុំ​មែន។
ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌វរ‌បិតា ទ្រង់​ស្រឡាញ់​ខ្ញុំ​ដែរ ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចុះ
10 បើ​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្ត​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បញ្ញត្ត​នៃ​ព្រះ‌វរ‌បិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែរ
11 ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​ខ្ញុំ បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា ហើយ​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ផង
12 នេះ​ជា​សេចក្ដី​បញ្ញត្ត​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ
13 គ្មាន​អ្នក​ណា​មាន​សេចក្ដី​ស្រឡាញ់​ធំ​ជាង​នេះ គឺ​ដែល​អ្នក​ណា​នឹង​ប្តូរ​ជីវិត ជំនួស​ពួក​សំឡាញ់​របស់​ខ្លួន​នោះ​ទេ
14 បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់ នោះ​អ្នក​រាល់​គ្នា​ជា​ពួក​សំឡាញ់​ខ្ញុំ​ហើយ
15 ខ្ញុំ​មិន​ហៅ​ជា​អ្នក​បម្រើ​ទៀត ពី​ព្រោះ​អ្នក​បម្រើ​គេ​មិន​ដឹង​ថា​ជា​ចៅ‌ហ្វាយ​ធ្វើ​អ្វី​ទេ គឺ​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​ជា​សំឡាញ់​វិញ ពី​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​គ្រប់​ការ​ទាំង​អស់ ដែល​ខ្ញុំ​ឮ​ពី​ព្រះ‌វរ‌បិតា​ខ្ញុំ​មក
16 មិន​មែន​អ្នក​រាល់​គ្នា​ដែល​បាន​រើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​ទេ​តើ ដែល​រើស​អ្នក​រាល់​គ្នា​វិញ ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ផង ដើម្បី​ឲ្យ​ព្រះ‌វរ‌បិតា​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​អ្វីៗ ដែល​នឹង​សូម​ពី​ទ្រង់ ដោយ​នូវ​ឈ្មោះ​ខ្ញុំ
17 ខ្ញុំ​បង្គាប់​សេចក្ដី​នេះ​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ។ មនុស្ស​លោក​ស្អប់​ព្រះ‌យេស៊ូវ និង​ស្អប់​សិស្ស​របស់​ព្រះ‌អង្គ
18 បើ​សិន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គេ​បាន​ស្អប់​ខ្ញុំ​ជា​មុន
19 បើ​អ្នក​រាល់​គ្នា​ជា​របស់​ផង​លោកីយ៍ នោះ​លោកីយ៍​នឹង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​ដោយ​ព្រោះ​ខ្ញុំ​បាន​រើស​ចេញ​ពី​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ៍​ទៀត នោះ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា​វិញ
20 ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ទេ បើ​គេ​បាន​បៀត‌បៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ
21 គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ​ដល់​អ្នក​រាល់​គ្នា ដោយ​យល់​ដល់​ឈ្មោះ​ខ្ញុំ ពី​ព្រោះ​គេ​មិន​ស្គាល់​ព្រះ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ទេ
22 បើ​សិន​ជា​ខ្ញុំ​មិន​បាន​មក​និយាយ​នឹង​គេ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ​គេ​គ្មាន​សេចក្ដី​ដោះ​សា​ចំពោះ​បាប​របស់​ខ្លួន​សោះ
23 អ្នក​ណា​ដែល​ស្អប់​ខ្ញុំ នោះ​ក៏​ស្អប់​ដល់​ព្រះ‌វរ‌បិតា​ខ្ញុំ​ដែរ
24 បើ​ខ្ញុំ​មិន​បាន​ធ្វើ​ការ​នៅ​ក្នុង​ពួក​គេ ដែល​គ្មាន​អ្នក​ណា​ទៀត​បាន​ធ្វើ​ឡើយ នោះ​គេ​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ គេ​បាន​ទាំង​ឃើញ ហើយ​ទាំង​ស្អប់​ខ្ញុំ និង​ព្រះ‌វរ‌បិតា​របស់​ខ្ញុំ​ដែរ
25 នោះ​ដើម្បី​ឲ្យ​សេចក្ដី ដែល​ចែង​ទុក​មក ក្នុង​ក្រឹត្យ‌វិន័យ​របស់​គេ​បាន​សម្រេច ដែល​ថា «គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ»
26 ប៉ុន្តែ កាល​ណា​ព្រះ​ដ៏​ជា​ជំនួយ​ទ្រង់​យាង​មក ដែល​ខ្ញុំ​នឹង​ចាត់​មក​ពី​ព្រះ‌វរ‌បិតា គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត ដែល​ចេញ​ពី​ព្រះ‌វរ‌បិតា​មក ព្រះ‌អង្គ​នោះ ទ្រង់​នឹង​ធ្វើ​បន្ទាល់​ពី​ខ្ញុំ
27 ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​បន្ទាល់​ដែរ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ តាំង​តែ​ពី​ដើម​មក។

យ៉ូហាន15;1-27

ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត​ឡើយ
គេ​នឹង​កាត់​អ្នក​រាល់​គ្នា​ចេញ​ពី​ពួក​ជំនុំ​របស់​គេ ក៏​នឹង​មាន​ពេល​វេលា​មក នោះ​អស់​អ្នក​ណា ដែល​សម្លាប់​អ្នក​រាល់​គ្នា នឹង​គិត​ស្មាន​ថា ខ្លួន​បម្រើ​ដល់​ព្រះ​ដែរ
គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះ‌វរ‌បិតា​ឬ​ខ្ញុំ​ទេ
តែ​ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ ប្រាប់​ដល់​អ្នក​រាល់​គ្នា ដើម្បី​កាល​ណា​ពេល​វេលា​នោះ​មក​ដល់ នោះ​ឲ្យ​អ្នក​រាល់​គ្នា​បាន​នឹក​ឃើញ​ថា ខ្ញុំ​ប្រាប់​ហើយ ខ្ញុំ​មិន​បាន​ប្រាប់​កាល​ពី​ដើម​ទេ ពី​ព្រោះ​ខ្ញុំ​កំពុង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​នៅ​ឡើយ។
តែ​ឥឡូវ​នេះ ខ្ញុំ​ទៅ​ឯ​ព្រះ‌អង្គ​ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ហើយ​ក្នុង​ពួក​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​សួរ​ខ្ញុំ​ថា លោក​អញ្ជើញ​ទៅ​ឯ​ណា​នោះ​ទេ
ប៉ុន្តែ អ្នក​រាល់​គ្នា​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ព្រួយ ដោយ​ព្រោះ​ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះ
ខ្ញុំ​ប្រាប់​តាម​ត្រង់​ថា ដែល​ខ្ញុំ​ទៅ នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​វិញ ដ្បិត​បើ​ខ្ញុំ​មិន​ទៅ​ទេ នោះ​ព្រះ​ដ៏​ជា​ជំនួយ ក៏​មិន​មក​ឯ​អ្នក​រាល់​គ្នា​ដែរ តែ​បើ​ខ្ញុំ​ទៅ នោះ​ខ្ញុំ​នឹង​ចាត់​ទ្រង់​ឲ្យ​មក
កាល​ណា​ទ្រង់​បាន​យាង​មក​ហើយ នោះ​ទ្រង់​នឹង​សម្ដែង ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ ពី​អំពើ​បាប ពី​សេចក្ដី​សុចរិត ហើយ​ពី​សេចក្ដី​ជំនុំ‌ជម្រះ
គឺ​ពី​អំពើ​បាប​ដោយ​ព្រោះ​គេ​មិន​ជឿ​ដល់​ខ្ញុំ
10 ពី​សេចក្ដី​សុចរិត ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ឃើញ​ខ្ញុំ​ទៀត​ទេ
11 និង​ពី​សេចក្ដី​ជំនុំ‌ជម្រះ ដោយ​ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទោស​ហើយ។
12 ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ
13 កាល​ណា​ព្រះ‌អង្គ​នោះ គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្ដី​ពិត​បាន​មក​ដល់ នោះ​ទ្រង់​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្ដី​ពិត ដ្បិត​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល ចំពោះ​តែ​សេចក្ដី​ណា​ដែល​ទ្រង់​ឮ ហើយ​និង​សម្ដែង ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវ​មក
14 ទ្រង់​នឹង​តម្កើង​ខ្ញុំ ដ្បិត​ទ្រង់​នឹង​យក​សេចក្ដី​ដែល​តម្រូវ​ពី​ខ្ញុំ មក​ប្រាប់​ដល់​អ្នក​រាល់​គ្នា
15 គ្រប់​ទាំង​អស់​ដែល​ព្រះ‌វរ‌បិតា​មាន នោះ​ជា​របស់​ផង​ខ្ញុំ​ដែរ ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ថា ទ្រង់​នឹង​យក​សេចក្ដី​ដែល​តម្រូវ​ពី​ខ្ញុំ មក​ប្រាប់​អ្នក​រាល់​គ្នា។
16 នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា
17 ដូច្នេះ មាន​ពួក​សិស្ស​ទ្រង់​ខ្លះ​និយាយ​គ្នា​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា «នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ» ហើយ​ដែល​ថា «ដ្បិត​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរ‌បិតា» នេះ​តើ​មាន​ន័យ​ដូច​ម្តេច
18 ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ
19 ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី
20 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​រាល់​គ្នា​នឹង​យំ ហើយ​សោក​សង្រេង តែ​លោកីយ៍​នឹង​អរ​សប្បាយ​ឡើង អ្នក​រាល់​គ្នា​នឹង​ព្រួយ​ចិត្ត តែ​សេចក្ដី​ព្រួយ​របស់​អ្នក​រាល់​គ្នា នឹង​ប្រែ​ទៅ​ជា​សេចក្ដី​អំណរ​ទៅ​វិញ
21 ឯ​ស្ត្រី កាល​ណា​ហៀប​នឹង​សម្រាល​កូន នោះ​តែង​ព្រួយ​ចិត្ត ព្រោះ​ដល់​កំណត់​ហើយ តែ​កាល​ណា​សម្រាល​រួច​មក នោះ​លែង​នឹក​ពី​សេចក្ដី​វេទនា​នោះ​ហើយ ពី​ព្រោះ​មាន​សេចក្ដី​អំណរ ដោយ​ព្រោះ​មាន​កូន​មួយ​កើត​មក​ក្នុង​លោក
22 ឥឡូវ​នេះ អ្នក​រាល់​គ្នា​មាន​សេចក្ដី​ព្រួយ​ដូច្នោះ​មែន ប៉ុន្តែ ខ្ញុំ​នឹង​ឃើញ​អ្នក​រាល់​គ្នា​ម្តង​ទៀត នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​អរ​សប្បាយ​វិញ ក៏​នឹង​ឥត​មាន​អ្នក​ណា​ដក​យក​សេចក្ដី​អំណរ​នោះ ចេញ​ពី​អ្នក​រាល់​គ្នា​បាន​ឡើយ
23 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​សូម​អ្វី​ពី​ខ្ញុំ​ទៀត ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះ‌វរ‌បិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ
24 តាំង​ពី​ដើម​មក អ្នក​រាល់​គ្នា​មិន​បាន​សូម​អ្វី ដោយ​នូវ​ឈ្មោះ​ខ្ញុំ​ទេ ឥឡូវ ចូរ​សូម​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ‌ពេញ​ពិត។
25 ខ្ញុំ​និយាយ​សេចក្ដី​ទាំង​នេះ​ដល់​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប តែ​នឹង​មាន​ពេល​វេលា​មក ដែល​ខ្ញុំ​នឹង​មិន​និយាយ​នឹង​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ គឺ​នឹង​និយាយ​នឹង​អ្នក​រាល់​គ្នា​ពី​ព្រះ‌វរ‌បិតា​យ៉ាង​ច្បាស់‌លាស់​វិញ
26 នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​សូម​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​ខ្ញុំ​មិន​ថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះ‌វរ‌បិតា ជំនួស​អ្នក​រាល់​គ្នា​នោះ​ទេ
27 ដ្បិត​ព្រះ‌វរ‌បិតា​ទ្រង់​ក៏​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ហើយ​ក៏​ជឿ​ថា ខ្ញុំ​បាន​ចេញ​ពី​ព្រះ​មក
28 ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌វរ‌បិតា​មក​មែន ហើយ​បាន​មក​ក្នុង​លោកីយ៍ ក៏​នឹង​ចេញ​ពី​លោកីយ៍ ទៅ​ឯ​ព្រះ‌វរ‌បិតា​វិញ​ទៀត។
29 ពួក​សិស្ស​ទូល​ទ្រង់​ថា ហ្ន៏ ម្តង​ណេះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ច្បាស់​ហើយ មិន​មែន​ដោយ​ពាក្យ​ប្រៀប​ធៀប​ទៀត​ទេ
30 ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា ទ្រង់​ជ្រាប​គ្រប់​ទាំង​អស់ ហើយ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​សួរ​ទ្រង់​ទេ ដោយ​ហេតុ​នេះ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​ចេញ​ពី​ព្រះ​មក​មែន
31 ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ឥឡូវ​នេះ អ្នក​រាល់​គ្នា​ជឿ​ហើយ​ឬ
32 មើល នឹង​មាន​ពេល​វេលា​មក ក៏​មក​ដល់​ហើយ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ ដោយ​ខ្លួនៗ ទាំង​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​តែ​ឯក‌ឯង តែ​ខ្ញុំ​មិន​នៅ​តែ​ឯក‌ឯង​ទេ គឺ​មាន​ព្រះ‌វរ‌បិតា​គង់​ជា​មួយ​នឹង​ខ្ញុំ​ដែរ
33 ខ្ញុំ​ប្រាប់​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា បាន​សេចក្ដី​សុខ​សាន្ត ដោយ‌សារ​ខ្ញុំ នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ។

យ៉ូហាន16;1-33

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា
ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដែល​អញ​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ត្រូវ​ចាត់​ម្នាក់​ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​ពួក​អយ្យកោ ដែល​គ្រប់​គ្នា​ជា​កំពូល​លើ​ពួក​ខ្លួន
រួច​ម៉ូសេ​ក៏​ចាត់​ពួក​នោះ​ពី​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មេ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល
ឯ​ឈ្មោះ​របស់​គេ នោះ​គឺ​សាំមួរ​ជា​កូន​សាគើរ ក្នុង​ពូជ​អំបូរ​រូបេន​១
សាផាត​ជា​កូន​ហូរី ក្នុង​ពូជ​អំបូរ​ស៊ីម្មាន​១
កាលែប​ជា​កូន​យេភូនេ ក្នុង​ពូជ​អំបូរ​យូដា​១
យីកាល​ជា​កូន​យ៉ូសែប ក្នុង​ពូជ​អំបូរ​អ៊ីសាខារ​១
ហូសេ​ជា​កូន​នុន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម​១
ប៉ាលធី​ជា​កូន​រ៉ាភូរ ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន​១
10 កាឌាល​ជា​កូន​សូឌី ក្នុង​ពូជ​អំបូរ​សាប់‌យូល៉ូន១
11 កាឌី​ជា​កូន​ស៊ូស៊ី ក្នុង​ពូជ​អំបូរ​យ៉ូសែប គឺ​ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១
12 អាំមាល​ជា​កូន​កេម៉ាលី ក្នុង​ពូជ​អំបូរ​ដាន់​១
13 សេធើរ​ជា​កូន​មីកែល ក្នុង​ពូជ​អំបូរ​អេស៊ើរ​១
14 ណាស់ប៊ី​ជា​កូន​វ៉ុបស៊ី ក្នុង​ពូជ​អំបូរ​ណែប‌ថាលី​១
15 កេអួល​ជា​កូន​ម៉ាគី ក្នុង​ពូជ​អំបូរ​កាឌ់​១
16 នេះ​ហើយ​ជា​ឈ្មោះ​នៃ​ពួក​អ្នក​ដែល​ម៉ូសេ​បាន​ចាត់​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក ហើយ​ម៉ូសេ​ក៏​ហៅ​ហូសេ ជា​កូន​នុន​ថា យ៉ូស្វេ​វិញ។
17 ម៉ូសេ​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​កាណាន ដោយ​ពាក្យ​ថា ត្រូវ​ចូល​ទៅ​តាម​ផ្លូវ​ពី​ខាង​ត្បូង​នេះ ឡើង​ទៅ​ឯ​ស្រុក​ភ្នំ
18 ហើយ​សង្កេត​មើល​ស្រុក​នោះ តើ​ជា​យ៉ាង​ណា ព្រម​ទាំង​មនុស្ស​ដែល​នៅ​ស្រុក​នោះ​ផង តើ​ជា​ខ្លាំង​ឬ​ខ្សោយ ច្រើន​ឬ​តិច
19 ហើយ​ស្រុក​ដែល​គេ​នៅ​នោះ តើ​ល្អ ឬ​អាក្រក់ និង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​គេ តើ​ជា​យ៉ាង​ណា សុទ្ធ​តែ​ជា​រោង​ត្រសាល ឬ​ជា​ទី​ក្រុង​ដ៏​មាំ‌មួន
20 ហើយ​និង​ដី​នៅ​ស្រុក​នោះ តើ​កើត​ផល​ជា​បរិបូរ ឬ​គ្មាន មាន​ព្រៃ​ដែរ​ឬ​ទេ ចូរ​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​នាំ​យក​ផល​របស់​ស្រុក​នោះ​មក​វិញ​ផង រីឯ​រដូវ​នោះ ជា​រដូវ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជា​ដំបូង។
21 ដូច្នេះ គេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ក្នុង​ស្រុក​នោះ ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ដែល​នៅ​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​ហាម៉ាត
22 គេ​ឡើង​ពី​ខាង​ត្បូង​ទៅ​ដល់​ហេប្រុន នៅ​ស្រុក​នោះ​មាន​អ័ហ៊ីម៉ាន សេសាយ និង​តាលម៉ាយ ជា​កូន​អ័ណាក់ (ឯ​ក្រុង​ហេប្រុន​នេះ បាន​សង់​៧​ឆ្នាំ​មុន​ក្រុង​សូអាន ដែល​នៅ​ស្រុក​អេស៊ីព្ទ)
23 រួច​គេ​មក​ដល់​ជ្រោះ​អែស‌កុល ហើយ​កាត់​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ចង្កោម​សែង​គ្នា​២​នាក់ ព្រម​ទាំង​ផ្លែ​ទទឹម និង​ផ្លែ​ល្វា​ផង
24 គេ​ហៅ​ទី​នោះ​ថា ជ្រោះ​អែស‌កុល ដោយ​ព្រោះ​ចង្កោម​ទំពាំង‌បាយ‌ជូរ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​កាត់​នៅ​ទី​នោះ
25 រួច​ក្រោយ​មក​៤០​ថ្ងៃ គេ​ក៏​ត្រឡប់​មក​ពី​សង្កេត​មើល​ស្រុក​នោះ​វិញ។
26 គេ​ត្រឡប់​មក​ដល់​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ពួក​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ត្រង់​កាដេស​ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន ក៏​ជូន​ដំណឹង​ដល់​លោក និង​ពួក​ជំនុំ​ទាំង​អស់​គ្នា ហើយ​បង្ហាញ​ផល​នៃ​ស្រុក​នោះ​ផង
27 គេ​ជម្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​នែ ផល​របស់​ស្រុក​នោះ
28 ប៉ុន្តែ មនុស្ស​នៅ​ស្រុក​នោះ គេ​ខ្លាំង​ពូកែ​ណាស់ ទី​ក្រុង​របស់​គេ​មាន​កំផែង ហើយ​ក៏​ធំ​ណាស់​ផង ១​ទៀត​យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​អ័ណាក់ នៅ​ស្រុក​នោះ​ដែរ
29 សាសន៍​អាម៉ា‌លេក​គេ​នៅ​ស្រុក​ខាង​ត្បូង ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី​គេ​នៅ​ស្រុក​ភ្នំ ឯ​ខាង​សមុទ្រ ហើយ​នៅ​មាត់​ទន្លេ​យ័រដាន់ នោះ​មាន​សាសន៍​កាណាន​វិញ។
30 ឯ​កាលែប លោក​ឲ្យ​បណ្តា‌ជន​នៅ​ស្ងៀម​ចំពោះ​មុខ​ម៉ូសេ រួច​និយាយ​ថា ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់​កុំ​ខាន ដ្បិត​យើង​អាច​នឹង​យក​បាន​ដោយ​ស្រួល
31 ប៉ុន្តែ មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា​មួយ​គ្នា គេ​ប្រកែក​ថា យើង​ពុំ​អាច​នឹង​ឡើង​ទៅ​ទាស់​នឹង​គេ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​យើង​ណាស់
32 អ្នក​ទាំង​នោះ​ក៏​បង្ក‌បង្កើត​រឿង​អាក្រក់​ពី​ស្រុក​ដែល​គេ​បាន​សង្កេត​មើល​នោះ ដោយ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ស្រុក​ដែល​យើង​បាន​ដើរ​កាត់ ហើយ​សង្កេត​មើល​នោះ ជា​ស្រុក​ដែល​បង្ហិន‌បង្ហោច​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ ឯ​មនុស្ស​ដែល​យើង​ឃើញ​ទាំង​ប៉ុន្មាន ក៏​សុទ្ធ​តែ​មាន​មាឌ​ធំៗ
33 នៅ​ស្រុក​នោះ​យើង​បាន​ឃើញ​ពួក​មនុស្ស​ធំ​សម្បើម គឺ​ជា​កូន​ចៅ​អ័ណាក់ ដែល​ជា​ពូជ​មនុស្ស​មាន​មាឌ​ធំ​សម្បើម យើង​មើល​ទៅ​ខ្លួន​យើង​ដូច​ជា​កណ្តូប ទោះ​បើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ។

ជនគណនា 13 ;1-33

ពួក​បណ្តា‌ជន​គេ​រទូ‌រទាំ ហើយ​សេចក្ដី​នោះ​ក៏​អាក្រក់ នៅ​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា កាល​ទ្រង់​បាន​ឮ នោះ​សេចក្ដី​ខ្ញាល់​ទ្រង់​ក៏​កាត់​ឡើង ហើយ​ភ្លើង​នៃ​ទ្រង់​បាន​ឆេះ​នៅ​កណ្តាល​ពួក​គេ ទាំង​ឆេះ​បំផ្លាញ​នៅ​ចុង​បំផុត​នៃ​ទី​ដំឡើង​ត្រសាល​ទៅ
នោះ​បណ្តា‌ជន​ក៏​ស្រែក​រក​ម៉ូសេ ហើយ​លោក​អធិ‌ស្ឋាន​ដល់​ព្រះ‌យេហូវ៉ា រួច​ភ្លើង​បាន​រលត់​ទៅ
ដូច្នេះ គេ​ហៅ​ទី​នោះ​ថា តាបេរ៉ា ពី​ព្រោះ​ភ្លើង​នៃ​ព្រះ‌យេហូវ៉ា​បាន​ឆេះ​ក្នុង​ពួក​គេ។
រីឯ​ពួក​សាសន៍​ដទៃ ដែល​នៅ​លាយ‌ឡំ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ក៏​នឹក​ចង់​បាន​ម្ហូប​ជា​ខ្លាំង​ពន់‌ពេក ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យំ​ម្តង​ទៀត​តាម​គេ​ដែរ ដោយ​ពាក្យ​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ
យើង​នឹក​រំឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីព្ទ​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំឡ និង​ខ្ទឹម​ស​ផង
តែ​ឥឡូវ​នេះ យើង​រីង​ស្លាប់​ហើយ ដ្បិត​គ្មាន​អ្វី​សោះ មាន​តែ​នំ​ម៉ាន៉ា ដែល​នៅ​ចំពោះ​ភ្នែក​យើង​នេះ​ប៉ុណ្ណោះ
រីឯ​នំ​ម៉ាន៉ា​នោះ មាន​ភាព​ដូច​ជា​គ្រាប់​ល្ង មាន​សម្បុរ​ដូច​ជា​កែវ‌មុក្តា
ពួក​បណ្តា‌ជន​ក៏​ចេញ​ទៅ​រើស​យក​មក កិន​នឹង​ត្បាល់​កិន ឬ​បុក​ក្នុង​ត្បាល់​បុក រួច​ចំអិន​ក្នុង​ឆ្នាំង​ធ្វើ​ជា​នំ ក៏​មាន​រស‌ជាតិ​ដូច​ជា​រស‌ជាតិ​នៃ​ប្រេង​ថ្មី
នៅ​វេលា​យប់ កាល​ទឹក​សន្សើម​ធ្លាក់​មក​លើ​ទី​ដំឡើង​ត្រសាល នោះ​នំ​ម៉ាន៉ា​ក៏​ធ្លាក់​មក​ជា​មួយ
10 ម៉ូសេ​ក៏​ឮ​បណ្តា‌ជន​យំ នៅ​គ្រប់​ទាំង​គ្រួសារ​គេ គឺ​គ្រប់​គ្នា​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន នោះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ក៏​ឆួល​ឡើង​ជា​ខ្លាំង ហើយ​ម៉ូសេ​ក៏​អន់​ចិត្ត​ដែរ
11 រួច​ម៉ូសេ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​ទុក្ខ​ដល់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ទ្រង់​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មិន​បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់ គឺ​ទ្រង់​បាន​ផ្ទុក​មនុស្ស​ទាំង​នេះ​ជា​បន្ទុក​លើ​ទូល‌បង្គំ​វិញ
12 តើ​ទូល‌បង្គំ​ជា​ឪពុក​នៃ​មនុស្ស​ទាំង​នេះ​ឬ តើ​ទូល‌បង្គំ​បាន​បង្កើត​គេ​មក​ឬ​អី បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល ចូរ​បី​គេ ដូច​ជា​មេ‌ដោះ​បី​កូន​ដែល​នៅ​បៅ នាំ​ទៅ​ឯ​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​គេ​ដូច្នេះ
13 តើ​ទូល‌បង្គំ​នឹង​បាន​សាច់​ពី​ណា​មក ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​បាន ដ្បិត​គេ​យំ​តាម​ទូល‌បង្គំ​ថា ចូរ​ឲ្យ​សាច់​មក​យើង​បរិភោគ​ផង
14 រូប​ទូល‌បង្គំ​តែ​ម្នាក់​ឯង នឹង​បី​ទ្រ​មនុស្ស​ទាំង​នេះ​មិន​បាន​ទេ ដ្បិត​គេ​ជា​បន្ទុក​ធ្ងន់​ហួស​កម្លាំង​ទូល‌បង្គំ​ហើយ
15 បើ​ទ្រង់​ប្រព្រឹត្ត​នឹង​ទូល‌បង្គំ​យ៉ាង​ដូច្នេះ ហើយ​បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ពិត នោះ​សូម​សម្លាប់​ទូល‌បង្គំ​ទៅ​វិញ​ចុះ ដើម្បី​កុំ​ឲ្យ​ទូល‌បង្គំ​នៅ​ឃើញ​សេចក្ដី​វេទនា របស់​ទូល‌បង្គំ​ទៀត។
16 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ដល់​ម៉ូសេ​ថា ចូរ​ប្រមូល​៧០​នាក់​ពី​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ដែល​ឯង​ដឹង​ថា ជា​ចាស់‌ទុំ​ក្នុង​បណ្តា‌ជន និង​ជា​នាយក​ត្រួត‌ត្រា​លើ​គេ​មែន ឲ្យ​គេ​មក​ឯ​អញ ត្រូវ​នាំ​គេ​មក​ឯ​ត្រសាល​ជំនុំ ឲ្យ​ឈរ​នៅ​ទី​នោះ​ជា​មួយ​នឹង​ឯង
17 អញ​នឹង​ចុះ​មក​និយាយ​នឹង​ឯង ហើយ​និង​ចែក​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​លើ​ឯង​ទៅ​ដាក់​លើ​គេ​ផង នោះ​គេ​នឹង​ជួយ​ផ្ទុក​នូវ​បន្ទុក​បណ្តា‌ជន​នេះ​ជា​មួយ​នឹង​ឯង ដើម្បី​កុំ​ឲ្យ​ឯង​ត្រូវ​ផ្ទុក​តែ​ម្នាក់​ឯង​ឡើយ
18 ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​បណ្តា‌ជន​ថា ចូរ​ឯង​រាល់​គ្នា​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ ឲ្យ​ទាន់​នៅ​ថ្ងៃ​ស្អែក នោះ​នឹង​បាន​សាច់​បរិភោគ​ហើយ ដ្បិត​ឯង​រាល់​គ្នា​បាន​យំ​ដាក់​ព្រះ‌កាណ៌​នៃ​ព្រះ‌យេហូវ៉ា​ថា តើ​អ្នក​ណា​នឹង​ឲ្យ​សាច់​មក​យើង​បរិភោគ ដ្បិត​ដែល​យើង​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ នោះ​ស្រួល​ណាស់ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រទាន​សាច់​មក ហើយ​ឯង​រាល់​គ្នា​នឹង​បរិភោគ​ផង
19 មិន​មែន​ត្រឹម​តែ​១​ថ្ងៃ ២​ថ្ងៃ ឬ​៥​ថ្ងៃ ១០​ថ្ងៃ ឬ​២០​ថ្ងៃ​ប៉ុណ្ណោះ​ទេ
20 គឺ​ឯង​រាល់​នឹង​បរិភោគ​ពេញ​១​ខែ​វិញ ទាល់​តែ​សាច់​នោះ​ចេញ​តាម​រន្ធ​ច្រមុះ​ឯង​មក ហើយ​ឯង​នឹង​ធុញ‌ទ្រាន់​ចំពោះ​សាច់​នោះ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​ជិន‌ណាយ​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​កណ្តាល​ពួក​ឯង ហើយ​បាន​យំ​នៅ​ចំពោះ​ទ្រង់​ថា ហេតុ​អ្វី​បាន​ជា​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ។
21 រួច​ម៉ូសេ​ទូល​សួរ​ថា បណ្តា​មនុស្ស​ដែល​ទូល‌បង្គំ​នៅ​ជា​មួយ​នេះ មាន​ពួក​ថ្មើរ​ជើង​ចំនួន​៦​សែន​នាក់ ដូច្នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​ឲ្យ​សាច់​ដល់​គេ​គ្រប់​គ្នា ឲ្យ​បាន​បរិភោគ​ពេញ​១​ខែ​ឬ
22 តើ​ត្រូវ​សម្លាប់​ហ្វូង​សត្វ​ទាំង​ធំ​ទាំង​តូច ឲ្យ​ល្មម​ដល់​គេ​ឬ​អី ឬ​ត្រូវ​ប្រមូល​ត្រី​ក្នុង​សមុទ្រ​ទាំង​អស់​មក ឲ្យ​ល្មម​ដល់​គេ​ដែរ
23 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​នឹង​ម៉ូសេ​ថា តើ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា​បាន​រួញ​ខ្លី​ឬ​អី ឥឡូវ​នេះ ឯង​នឹង​ឃើញ​ពិត បើ​ពាក្យ​អញ​ថា​នឹង​កើត​មក​ដល់​ឯង​មែន ឬ​មិន​មែន។
24 ម៉ូសេ​ក៏​នាំ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ចេញ​ទៅ​ប្រាប់​ដល់​បណ្តា‌ជន រួច​លោក​ប្រមូល​ពួក​ចាស់‌ទុំ​នៃ​បណ្តា‌ជន​៧០​នាក់ មក​ដាក់​ឲ្យ​ឈរ​នៅ​ជុំវិញ​ត្រសាល​ជំនុំ
25 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​យាង​ចុះ​មក​ក្នុង​ពពក មាន​ព្រះ‌បន្ទូល​នឹង​លោក រួច​ក៏​ចែក​ព្រះ‌វិញ្ញាណ ដែល​សណ្ឋិត​លើ​លោក​ទៅ​ដាក់​លើ​ពួក​ចាស់‌ទុំ​ទាំង​៧០​នាក់​នោះ​ផង កាល​ព្រះ‌វិញ្ញាណ​បាន​សណ្ឋិត​លើ​គេ​ហើយ នោះ​ស្រាប់​តែ​គេ​ទាយ​ទំនាយ​ម្តង តែ​មិន​បាន​ទាយ​ត​ទៅ​មុខ​ទៀត​ទេ។
26 រីឯ​មាន​ពួក​គេ​២​នាក់ រារង់​នៅ​ឯ​ទី​ដំឡើង​ត្រសាល ១​ឈ្មោះ​អែលដាត ១​ទៀត​ឈ្មោះ​មីដាត ជា​ពួក​អ្នក​ដែល​ចុះ​ឈ្មោះ​រួច​ហើយ តែ​មិន​បាន​ចេញ​ទៅ​ឯ​រោង​ឧបោសថ​ទេ ព្រះ‌វិញ្ញាណ​ក៏​សណ្ឋិត​លើ​គេ​ដែរ ហើយ​គេ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល
27 នោះ​មាន​មនុស្ស​កំលោះ​ម្នាក់​រត់​ទៅ​ជម្រាប​ម៉ូសេ​ពី​រឿង​នោះ​ថា អែលដាត និង​មីដាត គេ​កំពុង​តែ​ទាយ​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល
28 រួច​យ៉ូស្វេ ជា​កូន​នុន ដែល​ជា​អ្នក​ជំនិត​របស់​ម៉ូសេ តាំង​ពី​កំលោះ​មក​ក៏​និយាយ​ថា លោក​ម្ចាស់​ខ្ញុំ​អើយ សូម​ហាម​គេ​ទៅ
29 តែ​ម៉ូសេ​ឆ្លើយ​ថា តើ​ឯង​ច្រណែន​ជំនួស​អញ​ឬ​អី អញ​សុខ​ចិត្ត​ឲ្យ​បណ្តា‌ជន​ទាំង‌ឡាយ​របស់​ព្រះ‌យេហូវ៉ា​ចេះ​ទាយ​ដែរ ហើយ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដាក់​ព្រះ‌វិញ្ញាណ​ទ្រង់​លើ​គេ​គ្រប់​គ្នា​ចុះ
30 នោះ​ម៉ូសេ ព្រម​ទាំង​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ដំឡើង​ត្រសាល​វិញ។
31 នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​នាំ​សុទ្ធ​តែ​សត្វ​ក្រួច​ពី​សមុទ្រ​មក ឲ្យ​រាច​ចេញ​នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល មាន​ចម្ងាយ​ដើរ​១​ថ្ងៃ​ខាង​ណេះ ហើយ​១​ថ្ងៃ​ខាង​ណោះ នៅ​ព័ទ្ធ​ជុំវិញ ហើយ​កំពស់​ពី​ដី​ឡើង ប្រហែល​ជា​២​ហត្ថ
32 ឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​ក្រោក​ឡើង ឈរ​ចាប់​ក្រួច​ពេញ​១​ថ្ងៃ​១​យប់​នោះ ហើយ​១​ថ្ងៃ​ស្អែក​ទៀត អ្នក​ណា​ដែល​ចាប់​បាន​តិច​ជាង​គេ នោះ​បាន​ដល់​១០​ហាប រួច​គេ​ហាល​សាច់​សត្វ​ទាំង​នោះ នៅ​គ្រប់​ជុំវិញ​ទី​ដំឡើង​ត្រសាល​ទុក​សម្រាប់​ខ្លួន​គេ
33 តែ​កាល​សាច់​នោះ​កំពុង​តម្កល់​នៅ​នា​ធ្មេញ មិន​ទាន់​ទំពារ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា ក៏​ឆួល​ក្តៅ​ឡើង​ទាស់​នឹង​គេ ហើយ​ទ្រង់​វាយ​បណ្តា‌ជន​ទាំង‌ឡាយ ដោយ​សេចក្ដី​វេទនា​យ៉ាង​ធំ
34 ឯ​ឈ្មោះ​កន្លែង​នោះ​គេ​ក៏​ហៅ​ថា គីប្រុត​ហាតាវ៉ា ពី​ព្រោះ​នៅ​ទី​នោះ គេ​បាន​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​នឹក​ប៉ង‌ប្រាថ្នា​នោះ
35 រួច​បណ្តា‌ជន​គេ​ធ្វើ​ដំណើរ​ពី​គីប្រុត-ហាតាវ៉ា ទៅ​ដល់​ហាសិរ៉ូត ហើយ​ក៏​ឈប់​នៅ​ត្រង់​ហាសិរ៉ូត​នោះ។

ជនគណនា 11;135

ពួក​ជំនុំ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន ធ្វើ​ដំណើរ​ទៅ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា ក៏​ដំឡើង​ត្រសាល​នៅ​ត្រង់​រេផិឌីម នៅ​ទី​នោះ​គ្មាន​ទឹក​ឲ្យ​គេ​ផឹក​សោះ
បាន​ជា​គេ​រក​រឿង​ឈ្លោះ​នឹង​ម៉ូសេ ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ទឹក​មក​យើង​រាល់​គ្នា​ផឹក​ផង ម៉ូសេ​ឆ្លើយ​តប​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ អ្នក​រាល់​គ្នា​ចង់​ល្បង‌ល​ព្រះ‌យេហូវ៉ា​ធ្វើ​អី
នៅ​ទី​នោះ​បណ្តា‌ជន​ក៏​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​គេ​ត្អូញ‌ត្អែរ​ដាក់​ម៉ូសេ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាំ​ពួក​យើង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​សម្លាប់​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​យើង​ផង ដោយ​ស្រេក​ទឹក​ដូច្នេះ
នោះ​ម៉ូសេ​ក៏​ស្រែក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ដូច​ម្តេច​នឹង​ពួក​នេះ គេ​ចង់​ចោល​ទូល‌បង្គំ​នឹង​ថ្ម​ហើយ
ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឯង​ដើរ​ទៅ​ខាង​មុន​គេ ទាំង​នាំ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​ទៅ​ជា​មួយ ហើយ​យក​ដំបង​ដែល​ឯង​បាន​វាយ​ទឹក​ទន្លេ​នោះ ជាប់​នៅ​ដៃ​ផង
មើល អញ​នឹង​ឈរ​នៅ​មុខ​ឯង​នៅ​លើ​ថ្មដា​ហូរែប ត្រូវ​ឲ្យ​ឯង​វាយ​ថ្ម​នោះ រួច​នឹង​មាន​ទឹក​ចេញ​មក​ឲ្យ​គេ​ផឹក​ហើយ នោះ​ម៉ូសេ​ក៏​ធ្វើ​ដូច្នោះ នៅ​មុខ​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល
លោក​ឲ្យ​កន្លែង​នោះ​ឈ្មោះ​ថា «ម៉ាសា» ហើយ​និង «មេរីបា» ដោយ​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា​មើល​ផង ដោយ​ថា តើ​ព្រះ‌យេហូវ៉ា​ទ្រង់​នៅ​កណ្តាល​ពួក​យើង​រាល់​គ្នា​មែន​ឬ។

និក្ខមនំ17;1-7

សិន​ជា​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត និង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​លើក​ឯង​ឡើង​ជា​ខ្ពស់ លើស​ជាង​អស់​ទាំង​សាសន៍​នៅ​ផែនដី​ទាំង​ប៉ុន្មាន
រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង
ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​និង​មាន​ពរ​នៅ​ស្រែ​ចម្ការ​ដែរ
ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង និង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចម្រើន​របស់​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់
ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ
ឯង​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​និង​មាន​ពរ​ក្នុង​កាល​ដែល​ចេញ​ទៅ​ផង។
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​ឯង ត្រូវ​ចុះ​ចាញ់​នៅ​មុខ​ឯង គេ​នឹង​ចេញ​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​ឯង​ចេញ
ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក
ទ្រង់​នឹង​តាំង​ឯង​សម្រាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ឯង​ហើយ គឺ​បើ​ឯង​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ផង
10 នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​ដល់​ឯង
11 ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​ចម្រើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​ឯង
12 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ទ្រង់​ឲ្យ​ដល់​ឯង គឺ​ជា​ផ្ទៃ​មេឃ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ស្រុក​ឯង​តាម​រដូវ​កាល ហើយ​និង​ឲ្យ​ពរ​ដល់​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ
13 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង
14 ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​នោះ​ឡើយ។
15 ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង
16 គឺ​ឯង​នឹង​ត្រូវ​បណ្តាសា​នៅ​ក្នុង​ទី​ក្រុង ហើយ​នៅ​ស្រែ​ចម្ការ​ដែរ
17 ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​វិញ
18 ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ដី​ឯង ហើយ​និង​សេចក្ដី​ចម្រើន​របស់​ហ្វូង​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់
19 ឯង​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​និង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ​ផង។
20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្ដី​បណ្តាសា និង​សេចក្ដី​បាក់‌បប ហើយ​សេចក្ដី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះ‌បង់​ចោល​អញ
21 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ
22 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ និង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស និង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ និង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ
23 ឯ​មេឃ​ពី​លើ​ក្បាល​ឯង​នឹង​បាន​ដូច​ជា​លង្ហិន ហើយ​ដី​នៅ​ក្រោម​ឯង​នឹង​បាន​ដូច​ជា​ដែក
24 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។
25 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី
26 ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ
27 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទ និង​ឫស‌ដូង‌បាត កម ហើយ​និង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ
28 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង
29 ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង​ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់‌សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ
30 ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ
31 គេ​នឹង​សម្លាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង​ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង
32 គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កម្លាំង​សោះ
33 សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី និង​ការ​នឿយ​ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន​ជានិច្ច ហើយ​ជិះ‌ជាន់​ជា​ដរាប
34 ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក
35 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ជើង ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល ដែល​ឥត​មាន​អ្នក​ណា​មើល​ឲ្យ​ជា​បាន​ឡើយ។
36 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​និង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម
37 ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ និង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំណៀល​នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ
38 ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ
39 ឯង​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ
40 ឯង​នឹង​មាន​ដើម​អូលីវ​នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ
41 ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ
42 អស់​ទាំង​ដើម​ឈើ និង​ផល​កើត​ពី​ដី​របស់​ឯង នោះ​នឹង​បាន​ជា​របស់​ផង​កណ្តូប​វិញ
43 អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ទៅ​ជា​ខ្ពស់​ជាង​ឯង​ជា​ដរាប ហើយ​ឯង​នឹង​ចុះ​ទៅ​ជា​ទាប​ជាង​គេ
44 គេ​នឹង​ឲ្យ​ឯង​ខ្ចី តែ​ឯង​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​ឯង​នឹង​ទៅ​ជា​កន្ទុយ​វិញ។
45 គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​និង​ដេញ​តាម​ឯង​ទាន់​ផង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​មក​ឯង​នោះ
46 សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សម្រាប់​ជា​ទី​សម្គាល់ ហើយ​ជា​ទី​អស្ចារ្យ​នៅ​អស់​កល្ប‌ជានិច្ច។
47 ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីក‌រាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន
48 បាន​ជា​ឯង​ត្រូវ​បម្រើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ‌ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ
49 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចម្ងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន
50 ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង
51 គេ​នឹង​ស៊ី​ផល​ពី​ហ្វូង​សត្វ​ឯង និង​ពី​ដី​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ គេ​មិន​ទុក​ឲ្យ​ឯង​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ឡើយ ដរាប​ដល់​គេ​បាន​បំផ្លាញ​ឯង​អស់​រលីង​ទៅ
52 គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន​ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ
53 ហើយ​នៅ​វេលា​គេ​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ និង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ
54 អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ
55 ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំង​សត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង
56 ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់ ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្ដី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន
57 ហើយ​ដល់​ទាំង​កូន​ខ្ចី​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សម្រាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សម្ងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ និង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។
58 បើ​ឯង​មិន​ព្រម​ប្រយ័ត និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ ហើយ​គួរ​ស្ញែង‌ខ្លាច​នេះ គឺ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង»
59 នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចម្លែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ និង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ
60 ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង
61 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​និង​សេចក្ដី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ
62 ហើយ​ទោះ​ពី​ដើម ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
63 នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​និង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​ចម្រើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ
64 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កម្ចាត់‌កម្ចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​និង​ថ្ម​ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​សោះ
65 នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សម្រាក​ឡើយ គឺ​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ
66 ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ
67 នៅ​ពេល​ព្រឹក ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង
68 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ដឹក​នាំ​ឯង​ដោយ​នាវា ត្រឡប់​ទៅ​នៅ​ស្រុក​អេស៊ីព្ទ​វិញ តាម​ផ្លូវ​ដែល​អញ​បាន​ប្រាប់​ឯង​ថា ឯង​នឹង​មិន​ឃើញ​ផ្លូវ​នោះ​ទៀត​ឡើយ រួច​នៅ​ស្រុក​នោះ ឯង​នឹង​ខំ​លក់​ខ្លួន​ទៅ​ឲ្យ​ពួក​ខ្មាំង​សត្រូវ ដើម្បី​នឹង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​គេ តែ​នឹង​គ្មាន​អ្នក​ណា​ទិញ​ឯង​សោះ។
69 នោះ​ហើយ ជា​ពាក្យ​ទាំង​ប៉ុន្មាន​នៃ​សេចក្ដី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់ ឲ្យ​ម៉ូសេ​តាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​ម៉ូអាប់ ក្រៅ​ពី​សេចក្ដី​សញ្ញា​ដែល​ទ្រង់​បាន​តាំង​នឹង​គេ​នៅ​ភ្នំ​ហោរែប​នោះ។

ចោទិយកថា28;1-69

សេ លោក​ហៅ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​មក​ប្រាប់​ថា ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​ការ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ ដល់​ផារ៉ោន និង​ពួក​មហា‌តលិក ហើយ​និង​ស្រុក​ទ្រង់​ទាំង​មូល នៅ​ចំពោះ​ភ្នែក​ឯង​ហើយ
គឺ​អស់​ទាំង​ការ​ល្បង​យ៉ាង​ធំ ដែល​ភ្នែក​ឯង​បាន​ឃើញ ព្រម​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដ៏​ធំ​ផង
តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ
អញ​បាន​នាំ​ឯង​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ​ហើយ ឯ​សម្លៀក‌បំពាក់​របស់​ឯង នោះ​មិន​បាន​រេច​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​ឯង​ក៏​មិន​បាន​សឹក​ផង
ឯង​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង ឬ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​សោះ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង
កាល​ឯង​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ
យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មរដក​ដល់​ពួក​រូបេន ពួក​កាឌ់ ហើយ​និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង
ដូច្នេះ ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ចម្រើន​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ។
នៅ​ថ្ងៃ​នោះ ឯង​ទាំង​អស់​គ្នា​កំពុង​ឈរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង គឺ​ទាំង​ពួក​មេ ទាំង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន និង​ពួក​ចាស់‌ទុំ ហើយ​និង​ពួក​នាយក​របស់​ឯង​រាល់​គ្នា ជា​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា
10 ព្រម​ទាំង​ពួក​កូន​ក្មេង និង​ប្រពន្ធ​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ពួក​ឯង តាំង​ពី​ពួក​អ្នក​កាប់​ឧស ទៅ​ដល់​អ្នក​ដែល​រែក​ទឹក​ឲ្យ​ឯង​ផង
11 ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​សេចក្ដី​សម្បថ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ
12 គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​តាំង​ឯង ទុក​ជា​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង ហើយ​ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ដែរ។
13 អញ​តាំង​សេចក្ដី​សញ្ញា ហើយ​សម្បថ​នេះ មិន​មែន​តែ​នឹង​ឯង​រាល់​គ្នា​ប៉ុណ្ណោះ
14 គឺ​នឹង​ពួក​អ្នក​ដែល​ឈរ​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នេះ នា​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង នៅ​ថ្ងៃ​នេះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​នៅ​ឯ​នេះ ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ
15 (ដ្បិត​ឯ​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​ដល់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​តាម​ផ្លូវ​ដែល​យើង​បាន​ដើរ​កាត់ កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ហួស​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ដឹង​ស្រាប់​ហើយ
16 ក៏​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ ពី​ថ្ម ប្រាក់ ហើយ​និង​មាស នៅ​ក្នុង​ពួក​គេ​នោះ​ដែរ)
17 ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​និង​ស្លែង
18 រួច​កាល​ណា​អ្នក​នោះ​ឮ​ពាក្យ​នៃ​សេចក្ដី​បណ្តាសា​នេះ នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា អញ​នឹង​មាន​សេចក្ដី​សុខ​ទេ ទោះ​បើ​អញ​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អញ ដើម្បី​នឹង​បន្ថែម​សេចក្ដី​ស្រវឹង ទៅ​លើ​សេចក្ដី​សំរេក​ក៏​ដោយ
19 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​អត់​ទោស​ដល់​អ្នក​នោះ​ឡើយ គឺ​សេចក្ដី​ខ្ញាល់ ហើយ​និង​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ចេញ
20 ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​អ្នក​នោះ ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សម្រាប់​តែ​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ តាម​អស់​ទាំង​ពាក្យ​បណ្តាសា​នៃ​សេចក្ដី​សញ្ញា​ដែល​កត់​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។
21 ឯ​តំណ​មនុស្ស​ក្រោយ​មក គឺ​កូន​ចៅ​ឯង​រាល់​គ្នា​ដែល​នឹង​កើត​ត​ពី​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​មក​ពី​ស្រុក​ឆ្ងាយ កាល​ណា​គេ​ឃើញ​អស់​ទាំង​សេចក្ដី​វេទនា​នៅ​ស្រុក​នោះ និង​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឈឺ
22 ហើយ​ឃើញ​ស្រុក​នោះ​សុទ្ធ​តែ​ស្ពាន់‌ធ័រ និង​អំបិល​ផង​ក៏​កំពុង​តែ​ឆេះ ឥត​ដែល​បាន​សាប‌ព្រោះ ឬ​លូត‌លាស់​ឥត​មាន​ស្មៅ​ដុះ​សោះ ដូច​ជា​កាល​បំផ្លាញ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា ក្រុង​អាត់ម៉ា ហើយ​និង​ក្រុង​សេបោម​ដែរ ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ដោយ​សេចក្ដី​ខ្ញាល់ ហើយ​និង​សេចក្ដី​ឃោរ‌ឃៅ​របស់​ទ្រង់
23 នោះ​គ្រប់​ទាំង​សាសន៍​នឹង​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ស្រុក​នេះ​យ៉ាង​ដូច្នេះ សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ដ៏​ឆេះ​ក្តៅ បាន​កើត​ឡើង​ដោយ​ព្រោះ​អ្វី
24 នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ
25 គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ គឺ​ជា​ព្រះ​ដែល​ទ្រង់​ក៏​មិន​បាន​ប្រទាន​ឲ្យ​គេ​ផង
26 ហេតុ​នោះ​ហើយ​បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង​ទាស់​នឹង​ស្រុក​នេះ ដើម្បី​នឹង​នាំ​អស់​ទាំង​សេចក្ដី​បណ្តាសា ដែល​កត់​ក្នុង​គម្ពីរ​នេះ​មក​លើ​គេ
27 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រំលើង​គេ​ពី​ស្រុក​ចេញ ដោយ​សេចក្ដី​ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ ហើយ​និង​សេចក្ដី​ក្តៅ​ក្រហាយ​ដ៏​ជា​ខ្លាំង​របស់​ទ្រង់ ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​១​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ
28 ឯ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ទេ តែ​សេចក្ដី​ដែល​បាន​បើក​សម្ដែង​មក​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​យើង​រាល់​គ្នា ហើយ​និង​កូន​ចៅ​យើង ជា​រៀង‌រាប​ដរាប​វិញ ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។

ចោទិយកថា29;1-28

ល​ណា​គ្រប់​ទាំង​សេចក្ដី​នេះ​បាន​មក​លើ​ឯង គឺ​ទាំង​ពរ និង​បណ្តាសា ដែល​អញ​ដាក់​នៅ​មុខ​ឯង រួច​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដេញ​ឯង​ទៅ​នៅ នោះ​ឯង​ចាប់​តាំង​នឹក​រឭក​ពី​ការ​ទាំង​នោះ​នៅ​ក្នុង​ចិត្ត
ហើយ​ឯង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ដោយ​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រម​ទាំង​កូន​ចៅ​ឯង​ផង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង
នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បំផ្លាស់​សណ្ឋាន​ឈ្លើយ​របស់​ឯង ព្រម​ទាំង​អាណិត​មេត្តា​ដល់​ឯង ហើយ​និង​ប្រមូល​ឯង​មក​ពី​គ្រប់​ទាំង​សាសន៍ ជា​កន្លែង​ដែល​ទ្រង់​បាន​កម្ចាត់‌កម្ចាយ​ឯង​ទៅ​នៅ​នោះ​មក​វិញ
ទោះ​បើ​ពួក​ឯង​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ បាន​ទៅ​នៅ​ដល់​ទី​បំផុត​នៃ​ជើង​មេឃ​ក៏​ដោយ គង់​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រមូល ហើយ​នាំ​យក​ឯង​ពី​ទី​នោះ​មក​វិញ​ដែរ
ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​នាំ​ឯង​មក​ក្នុង​ស្រុក​ពួក​អយ្យកោ​ឯង​បាន​ចាប់​យក ហើយ​ឯង​នឹង​ទទួល​យក​ស្រុក​នោះ​វិញ នោះ​ទ្រង់​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​និង​ចម្រើន​ឯង​ឲ្យ​មាន​គ្នា​ជា​ច្រើន លើស​ជាង​ពួក​អយ្យកោ​ឯង​ទៅ​ទៀត
ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​កាត់​ស្បែក​ចិត្ត​របស់​ឯង ហើយ​និង​ចិត្ត​របស់​ពូជ​ឯង​ផង ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ
រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ដាក់​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ ទៅ​លើ​ពួក​ខ្មាំង​សត្រូវ និង​លើ​ពួក​អ្នក​ដែល​ស្អប់​ឯង ដែល​គេ​បាន​ធ្វើ​ទុក្ខ​ឯង​វិញ
នោះ​ឯង​នឹង​វិល​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រម​ទាំង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​មក​នៅ​ថ្ងៃ​នេះ
រួច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ចម្រើន​គ្រប់​ទាំង​ការ ដែល​ដៃ​ឯង​ធ្វើ ឲ្យ​មាន​ជា​បរិបូរ ព្រម​ទាំង​ផល​កើត​ពី​ពោះ​ឯង និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​និង​ផល​កើត​ពី​ដី​ឯង​ផង សម្រាប់​ជា​សេចក្ដី​ល្អ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មាន​សេចក្ដី​អំណរ ដើម្បី​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​វិញ​ទៀត ដូច​ជា​ពី​ដើម ទ្រង់​បាន​មាន​សេចក្ដី​អំណរ​នឹង​ពួក​អយ្យកោ​ឯង​ដែរ
10 គឺ​បើ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​បើ​ឯង​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង។
11 ដ្បិត​សេចក្ដី​បញ្ញត្ត​ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​ឯង​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ
12 គឺ​មិន​មែន​នៅ​លើ​ស្ថាន‌សួគ៌ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ស្ថាន‌សួគ៌ នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ទេ
13 ក៏​មិន​មែន​នៅ​ត្រើយ​សមុទ្រ​ខាង​នាយ ឲ្យ​ឯង​បាន​ថា តើ​អ្នក​ណា​នឹង​ឆ្លង​សមុទ្រ ទៅ​នាំ​យក​ព្រះ‌បន្ទូល​មក​ប្រាប់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​នោះ​ដែរ
14 គឺ​ព្រះ‌បន្ទូល​នេះ​នៅ​ជិត​ឯង​ណាស់ ក៏​នៅ​ក្នុង​មាត់​ឯង និង​ក្នុង​ចិត្ត​ឯង​ផង ដើម្បី​ឲ្យ​ឯង​អាច​ប្រព្រឹត្ត​តាម​បាន។
15 មើល នៅ​ថ្ងៃ​នេះ អញ​បាន​ដាក់​សំញែង​ជីវិត និង​សេចក្ដី​ល្អ​នៅ​មុខ​ឯង ព្រម​ទាំង​សេចក្ដី​ស្លាប់ និង​សេចក្ដី​អាក្រក់​ផង
16 ដោយ​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ទ្រង់ ហើយ​និង​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ និង​ច្បាប់ ហើយ​និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​ចម្រើន​ឡើង ហើយ​ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ
17 ប៉ុន្តែ បើ​ចិត្ត​ឯង​បែរ​ចេញ មិន​ព្រម​ស្តាប់​តាម ក៏​យល់​ព្រម​ឲ្យ​គេ​ប្រទាញ​នាំ​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​វិញ
18 នោះ​អញ​ប្រាប់​ឯង​រាល់​គ្នា​ដោយ​ត្រង់ នៅ​ថ្ងៃ​នេះ​ថា ឯង​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន គឺ​ឯង​មិន​បាន​រស់​នៅ​ជា​យូរ​ប៉ុន្មាន នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ចាប់​យក​នោះ​ទេ
19 អញ​អាង​ដល់​ស្ថាន‌សួគ៌ និង​ផែនដី​ឲ្យ​ធ្វើ​ជា​បន្ទាល់​ទាស់​នឹង​ឯង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា អញ​បាន​ដាក់​សំញែង​ទាំង​ជីវិត និង​សេចក្ដី​ស្លាប់ ទាំង​ព្រះ‌ពរ និង​សេចក្ដី​បណ្តាសា នៅ​មុខ​ឯង​រាល់​គ្នា ដូច្នេះ ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង
20 ប្រយោជន៍​ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង និង​ស្តាប់​តាម​ព្រះ‌បន្ទូល​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់​ត​ទៅ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ជីវិត​នៃ​ឯង ហើយ​ជា​អាយុ​វែង​ដល់​ឯង​ដែរ ឲ្យ​ឯង​បាន​នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​និង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ថា​នឹង​ឲ្យ​ដល់​គេ។ ចោទិយកថា30;1-30

ចោទិយកថា

រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​នៅ​ស្រុក​អេស៊ីព្ទ​ថា
ខែ​នេះ​ជា​ខែ​ដំបូង គឺ​ជា​ខែ​ដើម​ឆ្នាំ​សម្រាប់​ឯង​រាល់​គ្នា
ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សម្រាប់​គ្រួ​១
បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន
ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន
រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ត្រូវ​សម្លាប់​វា​នៅ​វេលា​ថ្ងៃ​លិច
រួច​ត្រូវ​យក​ឈាម​វា​ប្រឡាក់​នៅ​ក្រប​ទ្វារ​ទាំង​សង​ខាង ហើយ​លើ​ធ្នឹម​ទ្វារ​របស់​ផ្ទះ​ដែល​គេ​បរិភោគ​ផង
ត្រូវ​ឲ្យ​គេ​អាំង​សាច់ យក​ទៅ​បរិភោគ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែ ហើយ​និង​បន្លែ​ល្វីង​នៅ​យប់​នោះ​ឯង
មិន​ត្រូវ​បរិភោគ​ឆៅ​ឬ​ស្ងោរ​ទេ គឺ​ត្រូវ​អាំង​វិញ ឲ្យ​មាន​ជាប់​ទាំង​ក្បាល​ទាំង​ជើង ហើយ​និង​អាការៈ​ខាង​ក្នុង​ផង
10 កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ
11 ហើយ​ត្រូវ​បរិភោគ​បែប​យ៉ាង​នេះ គឺ​ដោយ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង​ទាំង​កាន់​ដំបង​នៅ​ដៃ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស​ផង នេះ​ជា​ដំណើរ​រំលង​នៃ​ព្រះ‌យេហូវ៉ា
12 ដ្បិត​នៅ​យប់​នោះ​អញ​នឹង​ដើរ​កាត់​ស្រុក​អេស៊ីព្ទ ហើយ​និង​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​មនុស្ស​ដល់​សត្វ ព្រម​ទាំង​ធ្វើ​ទោស​ដល់​អស់​ទាំង​ព្រះ​នៃ​ស្រុក​អេស៊ីព្ទ​ផង គឺ​អញ​នេះ​ជា​ព្រះ‌យេហូវ៉ា
13 ឈាម​នោះ​នឹង​បាន​ជា​ទី​សម្គាល់​សម្រាប់​ឯង​រាល់​គ្នា​នៅ​ផ្ទះ​ណា​ដែល​ឯង​រាល់​គ្នា​អាស្រ័យ​នៅ កាល​ផ្ទះ​ណា​អញ​ឃើញ​ឈាម នោះ​អញ​នឹង​រំលង​ផុត​ពី​ឯង​រាល់​គ្នា​ទៅ ហើយ​និង​គ្មាន​សេចក្ដី​វេទនា​ណា​បំផ្លាញ​ឯង​រាល់​គ្នា ក្នុង​វេលា​ដែល​អញ​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ
14 ថ្ងៃ​នេះ​នឹង​បាន​ជា​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​ថ្ងៃ​នេះ​ជា​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​តំណ​រៀង‌រាប​ត​ទៅ។
15 ក្នុង​រវាង​៧​ថ្ងៃ ឯង​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ដំបូង នោះ​ត្រូវ​យក​ដំបែ​ពី​ផ្ទះ​ចេញ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​មាន​ដំបែ ចាប់​តាំង​ពី​ថ្ងៃ​ជា​ដំបូង​រហូត​ដល់​ថ្ងៃ​ទី​៧ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​សាសន៍​អ៊ីស្រា‌អែល​ចេញ
16 នៅ​ថ្ងៃ​ដំបូង ឯង​រាល់​គ្នា​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ដល់​ថ្ងៃ​ទី​៧ នោះ​ក៏​ត្រូវ​ប្រជុំ​ជំនុំ​បរិសុទ្ធ​ទៀត នៅ​ថ្ងៃ​ទាំង​នោះ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​សោះ​ឡើយ ធ្វើ​បាន​តែ​ម្ហូប​ដែល​ត្រូវ​បរិភោគ​ប៉ុណ្ណោះ
17 ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​បុណ្យ​នំបុ័ង​ឥត​ដំបែ​នេះ ដ្បិត​គឺ​នៅ​ថ្ងៃ​នេះ​ឯង​ដែល​អញ​បាន​នាំ​ពួក​កង​របស់​ឯង​រាល់​គ្នា ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក បាន​ជា​ត្រូវ​កាន់​ថ្ងៃ​នេះ​ទុក​ជា​ច្បាប់​ជា​ដរាប​នៅ​អស់​ទាំង​តំណ​រៀង‌រាប​ត​ទៅ
18 នៅ​ថ្ងៃ​១៤​ខែ​ដំបូង នោះ​ពី​ល្ងាច ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នំបុ័ង​ឥត​ដំបែ ដរាប​ដល់​ល្ងាច​ថ្ងៃ​២១​ខែ​នោះ
19 ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី
20 មិន​ត្រូវ​ឲ្យ​បរិភោគ​អ្វី​ដែល​មាន​ដំបែ​ឲ្យ​សោះ នៅ​ក្នុង​ទី​លំនៅ​របស់​ឯង​រាល់​គ្នា​ទាំង​ប៉ុន្មាន នោះ​ត្រូវ​បរិភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម្យ៉ាង​ប៉ុណ្ណោះ។
21 នោះ​ម៉ូសេ​ក៏​ហៅ​ពួក​ចាស់‌ទុំ​សាសន៍​អ៊ីស្រា‌អែល​មក​ប្រាប់​ថា ចូរ​ទៅ​យក​កូន​ចៀម តាម​គ្រួ​នៃ​អ្នក​រាល់​គ្នា ហើយ​សម្លាប់​ធ្វើ​បុណ្យ​រំលង​ទៅ
22 រួច​យក​មែក​ហ៊ីសុប​១​កញ្ចុំ​ជ្រលក់​ចុះ​ក្នុង​ឈាម​នៅ​ក្នុង​ផើង ប្រឡាក់​នឹង​ធ្នឹម ហើយ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង ដោយ​ឈាម​ដែល​នៅ​ក្នុង​ផើង​នោះ ក្នុង​ពួក​អ្នក​រាល់​គ្នា​មិន​ត្រូវ​ឲ្យ​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​ខ្លួន​ឲ្យ​សោះ រហូត​ដល់​ព្រឹក​ឡើង
23 ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​ពួក​សាសន៍​អេស៊ីព្ទ កាល​ណា​ទ្រង់​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម ហើយ​និង​ក្រប​ទ្វារ​ទាំង​សង​ខាង នោះ​ទ្រង់​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​វាយ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ទេ
24 ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​កាន់​របៀប​នេះ ទុក​ជា​ច្បាប់​សម្រាប់​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​ត​រៀង​ទៅ
25 កាល​ណា​អ្នក​រាល់​គ្នា​បាន​ចូល ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​មក​តាម​សេចក្ដី​សន្យា​ទ្រង់ នោះ​ត្រូវ​កាន់​តាម​របៀប​នេះ​កុំ​ខាន
26 បើ​កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា តើ​របៀប​នេះ​មាន​ន័យ​ដូច​ម្តេច
27 នោះ​ត្រូវ​ឆ្លើយ​ថា នេះ​គឺ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ទ្រង់​បាន​វាយ​ពួក​សាសន៍​អេស៊ីព្ទ ហើយ​បាន​ប្រោស​ឲ្យ​ពួក​ផ្ទះ​យើង​រាល់​គ្នា​រួច នោះ​ពួក​សាសន៍​អ៊ីស្រា‌អែល​គេ​ឱន​ក្បាល​ចុះ​ថ្វាយ‌បង្គំ
28 ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​ក៏​ធ្វើ​សម្រេច​ការ​នោះ។
29 រីឯ​នៅ​កណ្តាល​អធ្រាត្រ​ក្នុង​យប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​វាយ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ ចាប់​តាំង​ពី​បុត្រ​ច្បង​របស់​ផារ៉ោន ដែល​គង់​លើ​បល្ល័ង្ក​រាជ្យ រហូត​ដល់​កូន​ច្បង​របស់​អ្នក​ទោស​នៅ​ក្នុង​គុក ព្រម​ទាំង​កូន​ច្បង​នៃ​អស់​ទាំង​សត្វ​ផង
30 ផារ៉ោន​ទ្រង់​ក៏​តើន​ឡើង​ទាំង​យប់ ព្រម​ទាំង​ពួក​មហា‌តលិក​ទ្រង់ និង​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​គ្នា នោះ​ក៏​ឮ​សម្រែក​ទ្រហោ‌យំ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដ្បិត​គ្មាន​ផ្ទះ​ឯ​ណា​មួយ​ដែល​មិន​មាន​ម្នាក់​ស្លាប់​នោះ​ទេ
31 ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ហៅ​ម៉ូសេ និង​អើរ៉ុន​មក​ទាំង​យប់​ប្រាប់​ថា ចូរ​ឯង​រាល់​គ្នា​ក្រោក​ឡើង​នាំ​គ្នា​ចេញ​ពី​កណ្តាល​រាស្ត្រ​អញ​នេះ​ទៅ ព្រម​ទាំង​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ផង ចូរ​ទៅ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​ឯង​រាល់​គ្នា​បាន​សូម​នោះ​ចុះ
32 ចូរ​នាំ​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​ទៅ​ផង ដូច​ជា​បាន​សូម​ហើយ ទៅ​ចុះ ហើយ​សូម​ឲ្យ​ពរ​ដល់​អញ​ផង
33 ពួក​សាសន៍​អេស៊ីព្ទ​ក៏​បង្ខំ​ពួក​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ពី​ស្រុក​ទៅ​ជា​ប្រញាប់ ដោយ​ពាក្យ​ថា យើង​ស្លាប់​ទាំង​អស់​គ្នា​ហើយ
34 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​យក​ម្សៅ​ដែល​មិន​ទាន់​ដាក់​ដំបែ និង​ស្នាច​សម្រាប់​លាយ​ម្សៅ​រុំ​ក្នុង​អាវ​គេ​លី​ទៅ
35 ក៏​ធ្វើ​តាម​បង្គាប់​ម៉ូសេ គឺ​គេ​សូម​គ្រឿង​មាស គ្រឿង​ប្រាក់ និង​ខោ​អាវ​ពី​សាសន៍​អេស៊ីព្ទ
36 ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រកប​ដោយ​គុណ​នៃ​សាសន៍​អេស៊ីព្ទ ដល់​ម៉្លេះ​បាន​ជា​គេ​ចែក​ឲ្យ​តាម​ដែល​សូម យ៉ាង​នោះ​គេ​ក៏​បង្ហិន‌បង្ហោច​ដល់​ពួក​សាសន៍​អេស៊ីព្ទ។
37 ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ
38 ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់
39 គេ​នាំ​គ្នា​យក​ម្សៅ ដែល​យក​ពី​ស្រុក​អេស៊ីព្ទ​មក ទៅ​ដុត​ធ្វើ​ជា​នំ​ឥត​ដំបែ ដ្បិត​មិន​ទាន់​បាន​ដាក់​ដំបែ​នៅ​ឡើយ​ទេ ពី​ព្រោះ​ពេល​ដែល​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​ឥត​មាន​ឲ្យ​បង្អែ‌បង្អង់​បាន​ទេ បាន​ជា​គេ​មិន​បាន​ធ្វើ​ម្ហូប‌ម្ហា​សម្រាប់​តាម​ផ្លូវ​ឡើយ។
40 រីឯ​វេលា​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ស្រុក​អេស៊ីព្ទ នោះ​បាន​៤៣០​ឆ្នាំ
41 រួច​ដល់​ផុត​ពី​៤៣០​ឆ្នាំ​នោះ​ទៅ នៅ​ថ្ងៃ​ដដែល​នោះ​ឯង ពួក​កក‌កុញ​របស់​ព្រះ‌យេហូវ៉ា​គេ​ក៏​នាំ​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទៅ
42 គឺ​ជា​យប់​១​ដែល​ត្រូវ​កាន់​យ៉ាង​សំខាន់​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក យប់​នោះ​ឯង​ជា​យប់​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ត្រូវ​កាន់​យ៉ាង​សំខាន់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​អស់​ទាំង​តំណ​គេ​ត​រៀង​ទៅ។
43 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​និង​អើរ៉ុន​ថា នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិភោគ​បុណ្យ​នេះ​ឡើយ
44 តែ​អស់​ទាំង​បាវ​បម្រើ​ដែល​ឯង​រាល់​គ្នា​ទិញ​នឹង​ប្រាក់​មក បើ​កាល​ណា​បាន​កាត់​ស្បែក​ឲ្យ​ហើយ នោះ​ឲ្យ​គេ​បរិភោគ​ទៅ​បាន
45 ឯ​អ្នក​ប្រទេស​ក្រៅ​ឬ​ជើង​ឈ្នួល នោះ​មិន​ត្រូវ​បរិភោគ​ទេ
46 ត្រូវ​ឲ្យ​បរិភោគ​នៅ​ក្នុង​ផ្ទះ​តែ​១ មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ផង
47 ត្រូវ​ឲ្យ​ពួក​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ធ្វើ​បុណ្យ​នេះ
48 បើ​មាន​អ្នក​ប្រទេស​ក្រៅ​ណា​មួយ​មក​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ហើយ​ចង់​ធ្វើ​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ត្រូវ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ទទួល​កាត់​ស្បែក​សិន ទើប​នឹង​ចូល​មក​ធ្វើ​បាន យ៉ាង​នេះ​គេ​នឹង​បាន​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ឯ​ណា​ដែល​មិន​បាន​កាត់​ស្បែក​សោះ នោះ​នឹង​បរិភោគ​បុណ្យ​នេះ​មិន​បាន​ឡើយ
49 មាន​ច្បាប់​តែ​១​ប៉ុណ្ណោះ សម្រាប់​ពួក​អ្នក​ស្រុក ហើយ​និង​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​កណ្តាល​ឯង​រាល់​គ្នា​ដែរ។
50 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​គេ​ក៏​ធ្វើ​ដូច្នោះ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ និង​អើរ៉ុន គេ​បាន​ធ្វើ​សម្រេច​ការ​ទាំង​នោះ
51 ហើយ​នៅ​ថ្ងៃ​នោះ​ឯង ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដោយ​ពួក​កង​របស់​គេ។

និក្ខមនំ12;1-51

រោយ​ការ​ទាំង​នោះ​មក ព្រះ‌ទ្រង់​ល្បង​អ័ប្រា‌ហាំ ដោយ​មាន​ព្រះ‌បន្ទូល​ហៅ​គាត់​ថា អ័ប្រា‌ហាំ​អើយ គាត់​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់
រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​អ៊ីសាក​កូន​ឯង ដែល​ជា​កូន​សំឡាញ់​តែ​១​នោះ​ទៅ​ឥឡូវ នាំ​គ្នា​ទៅ​ឯ​ស្រុក​ម៉ូរីយ៉ា រួច​ថ្វាយ​វា​ជា​តង្វាយ​ដុត នៅ​លើ​ភ្នំ​១​ក្នុង​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ប្រាប់​ឯង​នោះ។
អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សម្រាប់​តង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​តម្រង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ
លុះ​ដើរ​បាន​៣​ថ្ងៃ​ហើយ នោះ​គាត់​ងើប​ភ្នែក​ឡើង មើល​ទៅ ឃើញ​កន្លែង​នោះ​ពី​ចម្ងាយ
រួច​ប្រាប់​ទៅ​បាវ​ថា ចូរ​ឯង​នៅ​ទី​នេះ​សិន​មើល​លា​ផង អញ​នឹង​ទៅ​ឯ​ណោះ​ថ្វាយ‌បង្គំ​ជា​មួយ​នឹង​កូន​អញ រួច​សឹម​មក​ឯ​ឯង​វិញ
នោះ​គាត់​ចាប់​យក​ឱស​ដែល​សម្រាប់​តង្វាយ​ដុត​ដាក់​ឲ្យ​អ៊ីសាក​ជា​កូន​លី ហើយ​គាត់​យក​ភ្លើង និង​កាំបិត​កាន់​នៅ​ដៃ បណ្តើរ​គ្នា​ទៅ
អ៊ីសាក​និយាយ​នឹង​ឪពុក​ថា លោក​ឪពុក​អើយ គាត់​ក៏​ឆ្លើយ​ថា អី​កូន រួច​វា​និយាយ​ថា នេះ​មាន​ភ្លើង និង​ឱស​ហើយ តែ​កូន​ចៀម​សម្រាប់​តង្វាយ​ដុត​តើ​នៅ​ឯ​ណា
អ័ប្រា‌ហាំ​ឆ្លើយ​ថា កូន​អើយ កូន​ចៀម​ដែល​សម្រាប់​ជា​តង្វាយ​ដុត នោះ​ព្រះ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ ដូច្នេះ ក៏​នាំ​គ្នា​ទៅ​ទៀត។
លុះ​ដល់​កន្លែង​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​ប្រាប់​គាត់​ហើយ នោះ​អ័ប្រា‌ហាំ​ក៏​ស្អាង​អាសនៈ​១​នៅ​ទី​នោះ រួច​ដំរៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន​ដាក់​លើ​ឱស​នៅ​លើ​អាសនៈ
10 គាត់​លូក​ដៃ​ទៅ​ចាប់​យក​កាំបិត​មក​ប្រុង​នឹង​សម្លាប់​កូន
11 តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​លើ​មេឃ​ហៅ​គាត់​ថា អ័ប្រា‌ហាំៗ​អើយ នោះ​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់
12 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​លូក​ដៃ​ទៅ​លើ​កូន​ក្មេង​នោះ​ឡើយ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​វា​ឲ្យ​សោះ ដ្បិត​ឥឡូវ​នេះ​អញ​ដឹង​ថា ឯង​កោត‌ខ្លាច​ដល់​ព្រះ​ហើយ ដោយ​ព្រោះ​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ​នឹង​អញ​សោះ
13 នោះ​អ័ប្រា‌ហាំ​គាត់​ងើប​ភ្នែក​ឡើង​ឃើញ​ចៀម​ឈ្មោល​១​ជាប់​ស្នែង​នៅ​ព្រៃ​ខាង​ក្រោយ​ខ្លួន រួច​ក៏​ទៅ​យក​ចៀម​ឈ្មោល​នោះ មក​ថ្វាយ​ជា​តង្វាយ​ដុត ជំនួស​កូន​ខ្លួន​វិញ
14 អ័ប្រា‌ហាំ​ហៅ​កន្លែង​នោះ​ថា «យេហូវ៉ា-យីរេ» ដូច​ជា​គេ​ក៏​និយាយ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ ថា​នៅ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទ្រង់​នឹង​ផ្គត់‌ផ្គង់​ឲ្យ ។
15 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត
16 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ស្បថ​ដោយ​នាម​របស់​អញ ព្រោះ​ឯង​បាន​ធ្វើ​ដូច្នេះ គឺ​ដែល​មិន​បាន​សំចៃ​ទុក​នូវ​កូន​ឯង​តែ​១​នេះ
17 នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​និង​ចម្រើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ
18 គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ពូជ​ឯង ពី​ព្រោះ​ឯង​បាន​ស្តាប់​តាម​ពាក្យ​អញ
19 នោះ​អ័ប្រា‌ហាំ​ក៏​វិល​ទៅ​ឯ​បាវ​វិញ ហើយ​គេ​ក្រោក​ឡើង​ដើរ​ជា​មួយ​គ្នា​ទៅ​ឯ​បៀរ-សេបា​ទៅ ក៏​អាស្រ័យ​នៅ​ត្រង់​បៀរ-សេបា​នោះ។

លោកុប្បត្តិ ២២:១​-​១៩

ល​ពួក​មនុស្ស​ចាប់​តាំង​មាន​គ្នា​ច្រើន​នៅ​លើ​ផែនដី​ឡើង ហើយ​បង្កើត​បាន​កូន​ស្រីៗ
នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ
ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា វិញ្ញាណ​អញ​នឹង​មិន​តវ៉ា​នឹង​មនុស្ស​ជា​ដរាប​ទេ ពី​ព្រោះ​គេ​ជា​សាច់​ឈាម​ប៉ុណ្ណោះ អាយុ​គេ​នឹង​បាន​ត្រឹម​តែ​១២០​ឆ្នាំ​វិញ
នៅ​ជំនាន់​នោះ មាន​មនុស្ស​រូប​ធំ​សម្បើម​នៅ​ផែនដី ក្រោយ​នោះ​មក កាល​ពួក​កូន​ប្រុស​របស់​ព្រះ​បាន​ចូល​ទៅ​ឯ​កូន​ស្រី​របស់​មនុស្ស ហើយ​នាង​ទាំង​នោះ​បាន​បង្កើត​កូន​ឲ្យ​គេ នោះ​បាន​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​រស់​នៅ​កាល​ពី​ដើម ជា​មនុស្ស​មាន​ល្បី​ឈ្មោះ។
ព្រះ‌យេហូវ៉ា​ទ្រង់​ឃើញ​ថា ការ​អាក្រក់​របស់​មនុស្ស​បាន​ចម្រើន​ជា​ច្រើន​ឡើង​នៅ​ផែនដី ហើយ​អស់​ទាំង​គំនិត​ក្នុង​ចិត្ត​គេ​ក៏​សុទ្ធ​តែ​អាក្រក់​ជានិច្ច​ដូច្នោះ
នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ស្តាយ ដោយ​បាន​បង្កើត​មនុស្ស​មក​នៅ​លើ​ផែនដី ហើយ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ព្រួយ
រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​លុប​មនុស្ស​ដែល​អញ​បាន​បង្កើត​មក​ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ ចាប់​តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស​ផង ដ្បិត​អញ​ស្តាយ​ដែល​អញ​បាន​បង្កើត​គេ​មក
ប៉ុន្តែ ណូអេ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​វិញ។

លោកុប្បត្តិ ៦:១​-​៨

ណូអេ និងទឹកជំនន់

នេះ​ជា​ពង្សាវតារ​របស់​ណូអេ គាត់​ជា​អ្នក​សុចរិត ហើយ​គ្រប់​លក្ខណ៍​នៅ​ក្នុង​តំណ​វង្ស​ខ្លួន គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះ
10 ហើយ​បង្កើត​បាន​កូន​ប្រុស​៣ គឺ​សិម​១ ហាំ​១ និង​យ៉ាផែត​១
11 ឯ​ផែនដី នោះ​បាន​ខូច​អាក្រក់​នៅ​ចំពោះ​ព្រះ ក៏​មាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ផង
12 ហើយ​ព្រះ‌ទ្រង់​ទត​មើល​ផែនដី ឃើញ​ថា​ខូច​អាក្រក់​ដូច្នេះ ដ្បិត​គ្រប់​ទាំង​សាច់​បាន​បង្ខូច​ផ្លូវ​ខ្លួន​នៅ​ផែនដី​ទៅ​ហើយ។
13 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា អស់​ទាំង​សាច់​ត្រូវ​ផុត​ពី​មុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ជា​សេចក្ដី​កាច​សហ័ស​ដោយ‌សារ​គេ មើល អញ​នឹង​បំផ្លាញ​គេ​ទៅ​ជា​មួយ​នឹង​ផែនដី​ផង
14 ចូរ​ឯង​យក​ឈើ​ម៉ៃសាក់​ធ្វើ​ជា​ទូក​ធំ​សម្រាប់​ឯង ត្រូវ​ឲ្យ​ធ្វើ​បន្ទប់​នៅ​ក្នុង​ទូក​នោះ ហើយ​ពរ​ជ័រ​ទាំង​ខាង​ក្នុង​ខាង​ក្រៅ
15 ត្រូវ​ឲ្យ​ឯង​ធ្វើ​យ៉ាង​ដូច្នេះ គឺ​បណ្តោយ​៣០០​ហត្ថ ទទឹង​៥០​ហត្ថ ហើយ​កំពស់​៣០​ហត្ថ
16 ត្រូវ​ធ្វើ​បង្អួច​ក្នុង​ទូក​ចុះ​ពី​លើ​១​ហត្ថ ហើយ​ត្រូវ​ឲ្យ​មាន​ទ្វារ​នៅ​ពី​ខាង​ចំហៀង ត្រូវ​ធ្វើ​ឲ្យ​មាន​ថ្នាក់​ក្រោម ថ្នាក់​ទី​២ និង​ថ្នាក់​ទី​៣
17 នោះ​អញ មើល គឺ​អញ​នេះ​ហើយ​នឹង​ធ្វើ​ឲ្យ​មាន​ជំនន់​លើ​ផែនដី ដើម្បី​នឹង​បំផ្លាញ​គ្រប់​ទាំង​សាច់​ដែល​មាន​ដង្ហើម​ជីវិត​ពី​ក្រោម​មេឃ​ចេញ គ្រប់​ទាំង​អស់​នៅ​ផែនដី​នឹង​ត្រូវ​ស្លាប់​បង់
18 តែ​អញ​នឹង​តាំង​សេចក្ដី​សញ្ញា​អញ​ចំពោះ​ឯង ហើយ​ឯង​នឹង​ចូល​ទៅ​ក្នុង​ទូក​ធំ​នោះ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ឯង​ជា​មួយ​នឹង​ឯង​ដែរ
19 ឯ​ត្រង់​អស់​ទាំង​សាច់​ដែល​មាន​ជីវិត​ទាំង‌ឡាយ នោះ​ចូរ​ឲ្យ​ឯង​នាំ​យក​១​គូៗ ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​តែ​ពូជ​ចូល​ទៅ​ក្នុង​ទូក ឲ្យ​បាន​រួច​ជីវិត​ជា​មួយ​នឹង​ឯង​ផង
20 គឺ​សត្វ​ហើរ​តាម​ពូជ សត្វ​ជើង​៤​តាម​ពូជ ទាំង​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ​តាម​ពូជ​ផង គ្រប់​ទាំង​ពូជ​សត្វ​នឹង​មក​ឯ​ឯង​១​គូៗ​ឲ្យ​បាន​រួច​ជីវិត
21 ត្រូវ​ឲ្យ​ឯង​យក​អាហារ​គ្រប់​មុខ​ដែល​ធ្លាប់​បរិភោគ ប្រមូល​មក​ទុក​ជា​ស្បៀង​សម្រាប់​ឯង និង​សត្វ​ទាំង​នោះ
22 ណូអេ​ក៏​ធ្វើ​ដូច្នោះ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់ គាត់​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។

លោកុប្បត្តិ ៦:៩​-​២២

រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា ត្រូវ​ឲ្យ​ឯង និង​ពួក​គ្រួ​ឯង​ចូល​ទាំង​អស់​ទៅ​ក្នុង​ទូក ពី​ព្រោះ​ក្នុង​ពួក​មនុស្ស​ជាន់​នេះ អញ​ឃើញ​មាន​តែ​ឯង​ទេ ដែល​សុចរិត​នៅ​ចំពោះ​អញ
ខាង​ឯ​សត្វ​ជើង​៤​ដែល​ស្អាត នោះ​ឯង​ត្រូវ​យក​៧​គូ ហើយ​សត្វ​ជើង​៤​ដែល​មិន​ស្អាត នោះ​ឲ្យ​យក​តែ​១​គូ​វិញ គឺ​ទាំង​ឈ្មោល​ទាំង​ញី​ផង
ឯ​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​យក​៧​គូ​ដែរ ព្រម​ទាំង​ឈ្មោល​ទាំង​ញី ដើម្បី​ទុក​ពូជ​វា​ឲ្យ​រស់​នៅ​គ្រប់​លើ​ផែនដី
ដ្បិត​នៅ​៧​ថ្ងៃ​ទៀត អញ​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់ ហើយ​អញ​នឹង​លុប​គ្រប់​ទាំង​ជីវិត​ដែល​អញ​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែនដី​ចេញ
នោះ​ណូអេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។
ណូអេ​អាយុ​បាន​៦០០​ឆ្នាំ ក្នុង​កាល​ដែល​ទឹក​ជន់​ឡើង​លិច​ផែនដី
ហើយ​ណូអេ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់ ក៏​នាំ​គ្នា​ចូល​ទៅ​ក្នុង​ទូក ដោយ​ព្រោះ​ទឹក​ជន់
ឯ​សត្វ​ជើង​៤​ទាំង​ស្អាត​ទាំង​មិន​ស្អាត និង​សត្វ​ស្លាប ហើយ​សត្វ​លូន​វារ​នៅ​ដី​គ្រប់​មុខ
ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ‌ទ្រង់​បាន​បង្គាប់​មក​ណូអេ
10 រួច​ដល់​ផុត​ពី​៧​ថ្ងៃ​នោះ​មក ជំនន់​ក៏​ឡើង​លើ​ផែនដី
11 គឺ​នៅ​ឆ្នាំ​៦០០​ក្នុង​អាយុ​ណូអេ ក្នុង​ថ្ងៃ​១៧​ខែ​ទី​២ ថ្ងៃ​នោះ​ឯង​គ្រប់​អស់​ទាំង​រន្ធ​ទឹក​នៅ​ទី​ជម្រៅ​ធំ​ក៏​ធ្លាយ ហើយ​ទ្វារ​ទំនប់​នៅ​លើ​មេឃ​ក៏​ត្រូវ​បើក​ចេញ
12 មាន​ភ្លៀង​មក​លើ​ផែនដី​៤០​ថ្ងៃ​៤០​យប់
13 គឺ​នៅ​ថ្ងៃ​នោះ​ឯង​ដែល​ណូអេ សិម ហាំ និង​យ៉ាផែត ជា​កូន​គាត់ ហើយ​ប្រពន្ធ​ណូអេ និង​កូន​ប្រសា​ស្រី​ទាំង​៣​បាន​ចូល​ទៅ​ក្នុង​ទូក​ទាំង​អស់​គ្នា
14 ទាំង​ខ្លួន​គេ ហើយ​គ្រប់​ទាំង​សត្វ​ព្រៃ​តាម​ពូជ គ្រប់​ទាំង​សត្វ​ស្រុក​តាម​ពូជ និង​អស់​សត្វ​លូន​វារ​នៅ​ដី​តាម​ពូជ ហើយ​គ្រប់​ទាំង​សត្វ​ហើរ​តាម​ពូជ​ដែរ គឺ​សត្វ​ស្លាប​គ្រប់​មុខ​ទាំង​អស់
15 ក៏​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ឯ​ណូអេ​ក្នុង​ទូក ពី​គ្រប់​ទាំង​ពូជ​សត្វ​ដែល​មាន​ដង្ហើម​ជីវិត
16 ឯ​អស់​ទាំង​សត្វ​ដែល​ចូល​ទៅ នោះ​ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​ពី​គ្រប់​ទាំង​ពូជ​សត្វ ដូច​ជា​ព្រះ​បាន​បង្គាប់​ដល់​ណូអេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បិទ​ទ្វារ​ទូក​ជិត
17 លុះ​ទឹក​ជន់​លិច​ផែនដី​បាន​៤០​ថ្ងៃ ហើយ​បាន​កាន់​តែ​ធំ​ឡើង នោះ​ទូក​ធំ​ក៏​អណ្តែត​ផុត​ពី​ដី​ឡើង
18 ជំនន់​នោះ​បាន​មាន​កម្លាំង​ក្រៃ‌លែង ក៏​កាន់​តែ​ចម្រើន​ឡើង​ជា​លើស‌លប់​នៅ​លើ​ផែនដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ទឹក
19 ជំនន់​នោះ​ជា​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែនដី ទាល់​តែ​អស់​ទាំង​ភ្នំ​ខ្ពស់ៗ​នៅ​ក្រោម​មេឃ បាន​លិច​បាត់​អស់​រលីង​ទៅ
20 រួច​ទឹក​ក៏​ឡើង​១៥​ហត្ថ​ទៀត​លិច​ភ្នំ​ទាំង​អស់
21 គ្រប់​ទាំង​សាច់​ដែល​កម្រើក​នៅ​ផែនដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​ក៏​ស្លាប់​ទាំង​អស់​ដែរ
22 គឺ​គ្រប់​ទាំង​អស់​ដែល​មាន​ខ្យល់​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ក៏​ស្លាប់​ទាំង​អស់
23 គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ​នៅ​លើ​ផែនដី ក៏​ត្រូវ​ផ្លាញ​លាញ​ទាំង​អស់​ទៅ តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​វិនាស​ចេញ​ពី​ផែនដី​ទាំង​អស់ នៅ​សល់​តែ​ណូអេ និង​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់​ប៉ុណ្ណោះ
24 ទឹក​ធំ​នោះ​ក៏​ទ្រឹង​នៅ​លើ​ផែនដី​អស់​១៥០​ថ្ងៃ។

លោកុប្បត្តិ ៧:១​-​២៤

រះ‌ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ និង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ
ឯ​រន្ធ​ទឹក​នៅ​ទី​ជម្រៅ និង​ទ្វារ​ទំនប់​នៅ​លើ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​ក៏​រាំង​ទៅ
ទឹក​បាន​ថយ​ចេញ​ពី​ផែនដី​ជា​ដរាប លុះ​ដល់​ផុត​ពី​១៥០​ថ្ងៃ​ទៅ ទើប​បាន​ស្រក​បន្តិច
ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត
ទឹក​ក៏​ចេះ​តែ​ស្រក​ទៅ​ដរាប​ដល់​ខែ​ទី​១០ លុះ​ដល់​ថ្ងៃ​ចូល​ខែ​ទី​១០ នោះ​ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។
កាល​បាន​កន្លង​ទៅ​៤០​ថ្ងៃ​ទៀត នោះ​ណូអេ គាត់​បើក​បង្អួច​ដែល​បាន​ធ្វើ​ក្នុង​ទូក
ក៏​លែង​ក្អែក​១​ទៅ តែ​វា​ហើរ​ទៅ​មក​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់
គាត់​ក៏​លែង​ព្រាប​១​ដែរ ដើម្បី​ឲ្យ​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ដី​ទៅ​ហើយ​ឬ​នៅ
តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ
10 គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត
11 លុះ​ដល់​ពេល​ល្ងាច ព្រាប​នោះ​ត្រឡប់​ចូល​មក​ឯ​គាត់​វិញ ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា​មួយ​ផង ដូច្នេះ ណូអេ​បាន​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​បន្តិច​ហើយ
12 រួច​គាត់​រង់‌ចាំ​៧​ថ្ងៃ​ទៀត ក៏​លែង​ព្រាប​ឲ្យ​ទៅ តែ​វា​មិន​បាន​វិល​ឯ​គាត់​វិញ​ទេ។
13 នៅ​ឆ្នាំ​៦០១ ក្នុង​ថ្ងៃ​ចូល​ខែ​ទី​១ នោះ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ
14 ដល់​ថ្ងៃ​២៧ ខែ​ទី​២ នោះ​ដី​បាន​ស្ងួត‌ធេង
15 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា
16 ចូរ​ឯង​ចេញ​ពី​ទូក​ចុះ ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​ឯង​ដែរ
17 ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែល​នៅ​ជា​មួយ​នឹង​ឯង​ចេញ​មក​ផង ទោះ​ទាំង​សត្វ​ស្លាប សត្វ​ជើង​៤ និង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​ក្តី ដើម្បី​ឲ្យ​បាន​មក​បង្កើត​កូន​ចម្រើន​ជា​បរិបូរ​នៅ​ពេញ‌ពាស​លើ​ផែនដី
18 នោះ​ណូអេ​ក៏​ចេញ​មក ព្រម​ទាំង​ប្រពន្ធ​កូន និង​កូន​ប្រសា​ស្រី​គាត់
19 ហើយ​គ្រប់​ទាំង​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កម្រើក​នៅ​ផែនដី នោះ​ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ។
20 ណូអេ​បាន​ស្អាង​អាសនៈ​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាសនៈ​នោះ
21 ព្រះ‌យេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ឈ្ងុយ រួច​ទ្រង់​សម្រេច​ក្នុង​ព្រះ‌ហឫទ័យ​ថា អញ​នឹង​មិន​ដាក់​បណ្តាសា​ដី ដោយ​ព្រោះ​មនុស្ស​ទៀត​ទេ ពី​ព្រោះ​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក អញ​ក៏​មិន​ធ្វើ​ទោស​ដល់​ជីវិត​ទាំង‌ឡាយ ដូច​ជា​អញ​ទើប​នឹង​ធ្វើ​នោះ​ទៀត​ដែរ
22 កាល​នៅ​មាន​ផែនដី​នៅ​ឡើង នោះ​មិន​ដែល​ខាន​នឹង​មាន​រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់​ហើយ​ក្តៅ ប្រាំង​វស្សា ថ្ងៃ​ហើយ​យប់​ទៀត​ឡើយ។

លោកុប្បត្តិ ៨:១​-​២២

កិច្ចព្រមព្រៀងរបស់ព្រះជាមួយណូអេ

រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ណូអេ និង​កូន​គាត់ ព្រម​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​បាន​នៅ​ពេញ‌ពាស​លើ​ផែនដី​ចុះ
ឯ​គ្រប់​ទាំង​សត្វ​នៅ​ផែនដី សត្វ​ហើរ​លើ​អាកាស សត្វ​លូន​វារ​នៅ​ដី និង​ត្រី​ក្នុង​សមុទ្រ​ទាំង​ប៉ុន្មាន​នឹង​កោត‌ខ្លាច ហើយ​ស្ញប់‌ស្ញែង​ដល់​ឯង​រាល់​គ្នា អញ​ប្រគល់​វា​មក​ក្នុង​អំណាច​ឯង​ហើយ
បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​កម្រើក ហើយ​នៅ​រស់ នោះ​នឹង​បាន​ជា​អាហារ​ដល់​ឯង ដូច​ជា​តិណ‌ជាតិ​ទាំង​អស់​ដែល​អញ​បាន​ឲ្យ​ដល់​ឯង​នោះ​ដែរ
តែ​សាច់​ណា​ដែល​មាន​ជីវិត គឺ​ជា​ឈាម នោះ​កុំ​ឲ្យ​បរិភោគ​ឡើយ
រីឯ​ជីវិត​មនុស្ស​វិញ បើ​អ្នក​ណា​យក​ជីវិត​គេ នោះ​អញ​នឹង​ទារ​ឈាម​ដែល​ជា​ជីវិត​របស់​អ្នក​នោះ​ជា​មិន​ខាន អញ​នឹង​ទារ​ឈាម​អ្នក​នោះ ដោយ‌សារ​អស់​ទាំង​សត្វ ហើយ​ដោយ‌សារ​ដៃ​របស់​មនុស្ស គឺ​ដោយ‌សារ​ដៃ​របស់​បង​ប្អូន​នៃ​អ្នក​ដែល​ស្លាប់​នោះ​ផង
អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស នោះ​ឈាម​អ្នក​នោះ​ឯង​នឹង​ត្រូវ​ខ្ចាយ​ដោយ‌សារ​មនុស្ស​ដែរ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់
ឯ​ឯង​រាល់​គ្នា ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ហើយ​ឲ្យ​បាន​សាយ‌គ្រាយ​នៅ​ផែនដី​ជា​បរិបូរ​ចុះ។
រួច​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ និង​ពួក​កូន​គាត់​ថា
ឯ​អញ មើល អញ​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា ហើយ​និង​ពូជ​ឯង​រាល់​គ្នា​ត​រៀង​ទៅ
10 និង​គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា ទាំង​សត្វ​ស្លាប សត្វ​ស្រុក និង​សត្វ​ព្រៃ​នៅ​ផែនដី​ផង គឺ​នឹង​គ្រប់​ទាំង​សត្វ​នៅ​ផែនដី ដែល​បាន​ចេញ​ពី​ទូក​ធំ​មក
11 អញ​នឹង​តាំង​សញ្ញា​នឹង​ឯង​រាល់​គ្នា​ថា គ្រប់​សាច់​ទាំង​អស់​នឹង​មិន​ត្រូវ​វិនាស​ដោយ​ទឹក​ជន់​ទៀត​ឡើយ និង​លែង​មាន​ទឹក​ជន់​បំផ្លាញ​ផែនដី​ទៀត
12 ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​និង​គ្រប់​ជីវិត​ទាំង‌ឡាយ​ដែល​នៅ​ជា​មួយ​នឹង​ឯង នៅ​អស់​ទាំង​តំណ​អស់​កល្ប‌ជានិច្ច
13 គឺ​អញ​ដាក់​ធ្នូ​របស់​អញ​នៅ​នា​ពពក នោះ​ហើយ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​តាំង​នឹង​ផែនដី
14 កាល​ណា​អញ​ប្រមូល​ពពក​មក​លើ​ផែនដី នោះ​នឹង​ឃើញ​ឥន្ទ‌ធនូ​ស្ថិត​នៅ​លើ​ពពក​នោះ
15 ហើយ​អញ​នឹង​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ឯង​រាល់​គ្នា ហើយ​និង​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែរ នោះ​នឹង​គ្មាន​ទឹក​ជន់​ឡើង​លិច​ផែនដី ដើម្បី​បំផ្លាញ​គ្រប់​ទាំង​សាច់​ទៀត​ឡើយ
16 ឥន្ទ‌ធនូ​នោះ​នឹង​នៅ​លើ​ពពក ហើយ​អញ​នឹង​មើល​ឃើញ ដើម្បី​ឲ្យ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដែល​ព្រះ​បាន​តាំង​នឹង​អស់​ទាំង​ជីវិត​គ្រប់​ពូជ​នៅ​ផែនដី
17 ព្រះ​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ណូអេ​ថា នេះ​ហើយ​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គ្រប់​ទាំង​សាច់​នៅ​លើ​ផែនដី។
18 រីឯ​កូន​ណូអេ​ដែល​ចេញ​ពី​ទូក​ធំ​មក នោះ​គឺ​សិម ហាំ និង​យ៉ាផែត ឯ​ហាំ នោះ​ជា​ឪពុក​កាណាន
19 អ្នក​ទាំង​៣​នោះ​ជា​កូន​របស់​ណូអេ គឺ​កូន​ចៅ​អ្នក​ទាំង​នោះ​ហើយ ដែល​បាន​ចេញ​ទៅ​នៅ​ពេញ‌ពាស​លើ​ផែនដី។
20 ឯ​ណូអេ គាត់​ចាប់​តាំង​ភ្ជួរ‌រាស់​ដី​ធ្វើ​ចម្ការ ហើយ​ដាំ​ទំពាំង‌បាយ‌ជូរ
21 គាត់​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​នោះ ហើយ​ក៏​ស្រវឹង​ទៅ រួច​ដេក​អាក្រាត​នៅ​ក្នុង​ត្រសាល​គាត់
22 ឯ​ហាំ ជា​ឪពុក​កាណាន បាន​ឃើញ​ឪពុក​អាក្រាត​ដូច្នោះ ក៏​ទៅ​បក​កេរ្តិ៍​ប្រាប់​ដល់​បង​ប្អូន​ទាំង​២ ដែល​នៅ​ខាង​ក្រៅ
23 នោះ​សិម និង​យ៉ាផែត​នាំ​គ្នា​យក​អាវ​វែង​មក​ត្រដាង​ពី​ស្មា​ទាំង​២​នាក់ ដើរ​ថយ​ក្រោយ​ទៅ​បាំង​កេរ្តិ៍‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ្តិ៍‌ខ្មាស​របស់​គាត់​ឡើយ
24 លុះ​កាល​ណូអេ​ស្វាង​ពី​ស្រា​ឡើង ក៏​បាន​ដឹង​ការ​ដែល​កូន​ពៅ​បាន​ធ្វើ
25 នោះ​គាត់​និយាយ​ថា កាណាន​ត្រូវ​បណ្តាសា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​ដល់​ពួក​បាវ​របស់​បង​ប្អូន​វា
26 ហើយ​គាត់​និយាយ​ទៀត​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សិម​បាន​ប្រកប​ដោយ​ព្រះ​ពរ ហើយ​ត្រូវ​ឲ្យ​កាណាន​ធ្វើ​បាវ​បម្រើ​ដល់​សិម​វិញ
27 សូម​ព្រះ‌ទ្រង់​វាត​ទី​ឲ្យ​យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ធ្វើ​ជា​បាវ​បម្រើ​របស់​វា​ដែរ។
28 លុះ​ក្រោយ​ទឹក​ជន់​លិច​មក នោះ​ណូអេ គាត់​ក៏​រស់​នៅ​បាន​៣៥០​ឆ្នាំ​ទៅ​ទៀត
29 អាយុ​របស់​ណូអេ​ទាំង​អស់​រួម​បាន​៩៥០​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

លោកុប្បត្តិ9 ;1- 29