Skip to content

19 នៅ​ថ្ងៃ​ដំបូង​ក្នុង​អាទិត្យ​នោះ​ឯង លុះ​ព្រលប់​ហើយ កាល​ទ្វារ​ទាំង​អស់ នៅ​កន្លែង​ដែល​ពួក​សិស្ស​ប្រជុំ​គ្នា បាន​បិទ ដោយ​ព្រោះ​ខ្លាច​សាសន៍​យូដា នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ឈរ​នៅ​កណ្តាល​ពួក​សិស្ស មាន​ព្រះ‌បន្ទូល​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ
20 កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ នោះ​ក៏​បង្ហាញ​ព្រះ‌ហស្ត និង​ចំហៀង​ទ្រង់​ឲ្យ​គេ​មើល ដូច្នេះ ពួក​សិស្ស​មាន​ចិត្ត​ត្រេក‌អរ ដោយ​បាន​ឃើញ​ព្រះ‌អម្ចាស់
21 រួច​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ម្តង​ទៀត​ថា សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​សេចក្ដី​សុខ​សាន្ត ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ជា​ព្រះ‌វរ‌បិតា​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ
22 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ រួច​ក៏​ផ្លុំ​លើ​គេ​ទាំង​មាន​ព្រះ‌បន្ទូល​ថា ចូរ​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ
23 បើ​អ្នក​រាល់​គ្នា​នឹង​អត់​ទោស​បាប​ដល់​អ្នក​ណា នោះ​បាប​គេ​នឹង​បាន​អត់​ទោស​ឲ្យ តែ​បើ​អ្នក​រាល់​គ្នា​នឹង​ប្រកាន់​ទោស​បាប​ចំពោះ​អ្នក​ណា នោះ​បាប​គេ​នឹង​ត្រូវ​ប្រកាន់​ជាប់​វិញ។

យ៉ូហាន ២០:១៩​-​២៣

រោយ​នោះ​មក ព្រះ‌យេស៊ូវ​ទ្រង់​សម្ដែង​អង្គ​ទ្រង់ ឲ្យ​ពួក​សិស្ស​ឃើញ​ម្តង​ទៀត ត្រង់​សមុទ្រ​ទីបេរាស គឺ​ទ្រង់​សម្ដែង​មក​បែប​យ៉ាង​នេះ
មាន​ស៊ីម៉ូន-ពេត្រុស ថូម៉ាស ដែល​ហៅ​ថា ឌីឌីម ណាថា‌ណែល ដែល​នៅ​ភូមិ​កាណា​ស្រុក​កាលី‌ឡេ កូន​សេបេដេ​ទាំង​២ និង​ពួក​សិស្ស​២​នាក់​ទៀត នៅ​ជា​មួយ​គ្នា
នោះ​ស៊ីម៉ូន-ពេត្រុស​និយាយ​ទៅ​គេ​ថា ខ្ញុំ​ទៅ​នេសាទ​ត្រី គេ​ក៏​ឆ្លើយ​ថា យើង​ទៅ​ដែរ ស្រាប់​តែ​គេ​នាំ​គ្នា​ចេញ​ទៅ​ចុះ​ទូក តែ​យប់​នោះ​គេ​ចាប់​មិន​បាន​អ្វី​សោះ
ដល់​ព្រលឹម​ឡើង ព្រះ‌យេស៊ូវ​ទ្រង់​ឈរ​នៅ​ឆ្នេរ​សមុទ្រ តែ​ពួក​សិស្ស​មិន​ដឹង​ថា​ព្រះ‌យេស៊ូវ​ទេ
ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា កូន​រាល់​គ្នា​អើយ តើ​មាន​អ្វី​បរិភោគ​ឬ​ទេ គេ​ទូល​ឆ្លើយ​ថា គ្មាន​ទេ
រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ថា ចូរ​ទម្លាក់​អួន​ទៅ​ខាង​ស្តាំ​ទូក នោះ​ទើប​បាន ដូច្នេះ គេ​ក៏​ទម្លាក់​អួន​ទៅ តែ​ទាញ​មក​វិញ​មិន​រួច ព្រោះ​ជាប់​ត្រី​សន្ធឹក​ណាស់
នោះ​សិស្ស​១​ដែល​ព្រះ‌យេស៊ូវ​ស្រឡាញ់ គាត់​និយាយ​នឹង​ពេត្រុស​ថា នេះ​គឺ​ជា​ព្រះ‌អម្ចាស់​ហើយ កាល​ស៊ីម៉ូន-ពេត្រុស​បាន​ឮ​ថា​ជា​ព្រះ‌អម្ចាស់ នោះ​គាត់​ពាក់​អាវ​ក្រវាត់​ខ្លួន ព្រោះ​គាត់​នៅ​ខ្លួន​ទទេ ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក
ពួក​សិស្ស​ឯ​ទៀត​បាន​មក​ក្នុង​ទូក​តូច​ទាំង​ដឹក​អួន​ជាប់​បាន​ត្រី ដ្បិត​គេ​មិន‌សូវ​នៅ​ឆ្ងាយ​ពី​គោក​ទេ ប្រហែល​ជា​២០០​ហត្ថ​ប៉ុណ្ណោះ
កាល​បាន​ឡើង​ទៅ​លើ​គោក​វិញ នោះ​គេ​ឃើញ​រងើក​ភ្លើង ហើយ​មាន​ត្រី​អាំង​នៅ​ពី​លើ និង​នំបុ័ង​ដែរ
10 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​យក​ត្រី​ខ្លះ​ដែល​ទើប​នឹង​ចាប់​នោះ​មក
11 ស៊ីម៉ូន-ពេត្រុស​ក៏​ឡើង​មក​ទាំង​ទាញ​អួន ដាក់​លើ​គោក បាន​ពេញ​ដោយ​ត្រី​ធំៗ​១៥៣ ហើយ​ទោះ​បើ​មាន​ត្រី​ច្រើន​ដល់​ម៉្លេះ គង់​តែ​អួន​មិន​បាន​ធ្លាយ​ដែរ
12 ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​គេ​មក​ថា ចូរ​មក​ពិសា​សិន ប៉ុន្តែ គ្មាន​សិស្ស​ណា​មួយ​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​ណា​នុ៎ះ ដោយ​គេ​ដឹង​ថា​ជា​ព្រះ‌អម្ចាស់​ហើយ
13 ព្រះ‌យេស៊ូវ​ក៏​យាង​មក យក​នំបុ័ង និង​ត្រី ប្រទាន​ដល់​គេ
14 នោះ​ជា​គម្រប់​៣​ដង​ហើយ ដែល​ព្រះ‌យេស៊ូវ​សម្ដែង​មក ឲ្យ​ពួក​សិស្ស​ឃើញ ក្នុង​ពេល​ក្រោយ​ដែល​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។
15 កាល​គេ​បាន​បរិភោគ​រួច​ហើយ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​នឹង​ស៊ីម៉ូន-ពេត្រុស​ថា ស៊ីម៉ូន​កូន​យ៉ូណាស​អើយ តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំង​នេះ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា​ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង
16 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ម្តង​ទៀត​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ស្រឡាញ់​ខ្ញុំ​ឬ​អី គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់ ទ្រង់​ជ្រាប​ថា ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្ញុំ​ចុះ
17 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​គម្រប់​៣​ដង​ថា ស៊ីម៉ូន កូន​យ៉ូណាស​អើយ តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​មែន​ឬ​អី ពេត្រុស​មាន​ចិត្ត​ព្រួយ ដោយ​ទ្រង់​មាន​ព្រះ‌បន្ទូល​ជា​គម្រប់​៣​ដង​ថា តើ​ពេញ​ចិត្ត​នឹង​ខ្ញុំ​ឬ​អី​ដូច្នេះ បាន​ជា​គាត់​ទូល​ឆ្លើយ​ថា ព្រះ‌អម្ចាស់​អើយ ទ្រង់​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ទ្រង់​ជ្រាប​ថា ទូល‌បង្គំ​ពេញ​ចិត្ត​នឹង​ទ្រង់​ហើយ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង
18 ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា កាល​អ្នក​នៅ​ពី​ក្មេង​នៅ​ឡើយ នោះ​បាន​ក្រវាត់​ខ្លួន​ឯង ទាំង​ដើរ​ទៅ​មក​តាម​តែ​ចិត្ត តែ​កាល​ណា​ចាស់​ហើយ នោះ​អ្នក​នឹង​សន្ធឹង​ដៃ​ទៅ ហើយ​ម្នាក់​ទៀត​នឹង​ក្រវាត់​ឲ្យ​អ្នក​វិញ ទាំង​នាំ​អ្នក​ទៅ​ឯ​កន្លែង ដែល​អ្នក​មិន​ចង់​ទៅ​ផង
19 ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​នឹង​បង្ហាញ​ពី​បែប​យ៉ាង​ណា ដែល​គាត់​ត្រូវ​ស្លាប់ ប្រយោជន៍​ដើម្បី​នឹង​លើក​តម្កើង​ព្រះ កាល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ នោះ​ក៏​ប្រាប់​គាត់​ថា ចូរ​មក​តាម​ខ្ញុំ​ចុះ។
20 ប៉ុន្តែ ពេត្រុស​បែរ​ខ្លួន​ទៅ​ឃើញ​សិស្ស​១​នោះ ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ស្រឡាញ់ កំពុង​ដើរ​មក​តាម​ក្រោយ គឺ​ជា​អ្នក​ដែល​ផ្អែក​លើ​ព្រះ‌ឧរា​ទ្រង់ ក្នុង​កាល​ដែល​បរិភោគ នៅ​ពេល​យប់​នោះ ហើយ​បាន​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នោះ​ដែល​បញ្ជូន​ទ្រង់
21 កាល​ពេត្រុស​បាន​ឃើញ​គាត់ នោះ​ក៏​ទូល​សួរ​ដល់​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ
22 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ
23 ដូច្នេះ ពាក្យ​នោះ​ក៏​ឮ​ខ្ចរ‌ខ្ចាយ​ទួទៅ ក្នុង​ពួក​បង​ប្អូន​ថា សិស្ស​នោះ​មិន​ត្រូវ​ស្លាប់​ទេ ប៉ុន្តែ ព្រះ‌យេស៊ូវ​មិន​បាន​មាន​ព្រះ‌បន្ទូល​ថា គាត់​មិន​ស្លាប់​នោះ​ទេ គឺ​គ្រាន់​តែ​ថា បើ​សិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់​តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក​វិញ​ប៉ុណ្ណោះ។
24 គឺ​សិស្ស​នោះ​ឯង ដែល​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ ព្រម​ទាំង​ចែង​រឿង​ទាំង​នេះ​ទុក​ផង យើង​រាល់​គ្នា​ដឹង​ថា សេចក្ដី​បន្ទាល់​របស់​គាត់ នោះ​ពិត​ហើយ
25 មាន​ការ​ជា​ច្រើន​ទៀត ដែល​ព្រះ‌យេស៊ូវ​បាន​ធ្វើ​ដែរ ខ្ញុំ​ស្មាន​ថា បើ​នឹង​សរសេរ​ទុក ដោយ​លំដាប់​ត​មក នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង។ អាម៉ែន។:៚

យ៉ូហាន ២១:១​-​២៥

​លោក​ថេវ‌ភីល​អើយ ខ្ញុំ​បាន​តែង​រឿង​១​ច្បាប់​មុន​នោះ ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ បាន​ចាប់​តាំង​ធ្វើ ហើយ​បង្រៀន
ដរាប​ដល់​ថ្ងៃ ដែល​ព្រះ​បាន​លើក​ទ្រង់​ឡើង​ផុត​ទៅ​ហើយ គឺ​ក្រោយ​ដែល​ទ្រង់​បាន​ផ្តាំ ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក ជា​ពួក​អ្នក​ដែល​ទ្រង់​បាន​រើស
ហើយ​កាល​ទ្រង់​បាន​រង​ទុក្ខ​រួច​ហើយ នោះ​ក៏​បាន​សម្ដែង​អង្គ​ទ្រង់​មក​ទាំង​រស់ ឲ្យ​ពួក​សាវក​នោះ​ឃើញ ដោយ‌សារ​ភស្តុ‌តាង​ជា​ច្រើន ព្រម​ទាំង​លេច​មក​ឯ​គេ ក៏​សម្ដែង​ពី​អស់​ទាំង​សេចក្ដី​ខាង​ឯ​នគរ​ព្រះ ក្នុង​រវាង​៤០​ថ្ងៃ
រួច​មក កាល​បាន​ប្រជុំ​ទាំង​អស់​គ្នា​ហើយ នោះ​ទ្រង់​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ឡើយ ដោយ​មាន​ព្រះ‌បន្ទូល​ថា ត្រូវ​ឲ្យ​នៅ​ចាំ​សេចក្ដី​សន្យា​នៃ​ព្រះ‌វរ‌បិតា ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ខ្ញុំ​ថ្លែង​ប្រាប់​ហើយ
ដ្បិត​ពិត​ជា​លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ នៅ​បន្តិច​ទៀត អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ។
ដូច្នេះ កាល​ពួក​សាវក​បាន​ប្រជុំ​គ្នា នោះ​ក៏​ទូល​សួរ​ថា ព្រះ‌អម្ចាស់​អើយ តើ​នៅ​គ្រា​នេះ​ឬ​អី ដែល​ទ្រង់​នឹង​តាំង​នគរ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ឡើង​វិញ​នោះ
តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពេល ដឹង​កំណត់ ដែល​ព្រះ‌វរ‌បិតា​បាន​ទុក​នៅ​ក្នុង​អំណាច​របស់​ទ្រង់​នោះ​ឡើយ
ប៉ុន្តែ កាល​ណា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះ‌ចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូ‌សាឡឹម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង
កាល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នោះ​រួច​ជា​ស្រេច ហើយ​ពួក​សាវក​កំពុង​តែ​មើល នោះ​ព្រះ​បាន​លើក​ទ្រង់​ឡើង​ទៅ រួច​មាន​ពពក​មក​បំបាំង​ទ្រង់​ពី​ភ្នែក​គេ។
10 កំពុង​ដែល​គេ​ងើយ​សម្លឹង​មើល​ទៅ​លើ​មេឃ ក្នុង​កាល​ដែល​ទ្រង់​យាង​ទៅ នោះ​ឃើញ​មាន​២​នាក់ ស្លៀក‌ពាក់​ស ឈរ​នៅ​ជិត និយាយ​ថា
11 ពួក​អ្នក​ស្រុក​កាលី‌ឡេ​អើយ ហេតុ​អ្វី​បាន​ជា​ឈរ​ងើយ​មើល​ទៅ​លើ​មេឃ​ដូច្នេះ ព្រះ‌យេស៊ូវ​នេះ​ឯង ដែល​ព្រះ​បាន​លើក​ពី​អ្នក​រាល់​គ្នា​ឡើង​ទៅ​លើ​ស្ថាន‌សួគ៌ ទ្រង់​នឹង​យាង​មក​វិញ តាម​បែប​ដដែល ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឃើញ​ទ្រង់​ទៅ​នោះ​ដែរ

កិច្ចការ 1:1-11