ពួកបណ្តាជនគេរទូរទាំ ហើយសេចក្ដីនោះក៏អាក្រក់ នៅព្រះកាណ៌នៃព្រះយេហូវ៉ា កាលទ្រង់បានឮ នោះសេចក្ដីខ្ញាល់ទ្រង់ក៏កាត់ឡើង ហើយភ្លើងនៃទ្រង់បានឆេះនៅកណ្តាលពួកគេ ទាំងឆេះបំផ្លាញនៅចុងបំផុតនៃទីដំឡើងត្រសាលទៅ
ជនគណនា 11;135
2 នោះបណ្តាជនក៏ស្រែករកម៉ូសេ ហើយលោកអធិស្ឋានដល់ព្រះយេហូវ៉ា រួចភ្លើងបានរលត់ទៅ
3 ដូច្នេះ គេហៅទីនោះថា តាបេរ៉ា ពីព្រោះភ្លើងនៃព្រះយេហូវ៉ាបានឆេះក្នុងពួកគេ។
4 រីឯពួកសាសន៍ដទៃ ដែលនៅលាយឡំជាមួយនឹងពួកកូនចៅអ៊ីស្រាអែល គេក៏នឹកចង់បានម្ហូបជាខ្លាំងពន់ពេក ហើយពួកកូនចៅអ៊ីស្រាអែលក៏យំម្តងទៀតតាមគេដែរ ដោយពាក្យថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ
5 យើងនឹករំឭកពីត្រីដែលយើងបានបរិភោគនៅស្រុកអេស៊ីព្ទជាឥតថ្លៃ ហើយពីត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមសំឡ និងខ្ទឹមសផង
6 តែឥឡូវនេះ យើងរីងស្លាប់ហើយ ដ្បិតគ្មានអ្វីសោះ មានតែនំម៉ាន៉ា ដែលនៅចំពោះភ្នែកយើងនេះប៉ុណ្ណោះ
7 រីឯនំម៉ាន៉ានោះ មានភាពដូចជាគ្រាប់ល្ង មានសម្បុរដូចជាកែវមុក្តា
8 ពួកបណ្តាជនក៏ចេញទៅរើសយកមក កិននឹងត្បាល់កិន ឬបុកក្នុងត្បាល់បុក រួចចំអិនក្នុងឆ្នាំងធ្វើជានំ ក៏មានរសជាតិដូចជារសជាតិនៃប្រេងថ្មី
9 នៅវេលាយប់ កាលទឹកសន្សើមធ្លាក់មកលើទីដំឡើងត្រសាល នោះនំម៉ាន៉ាក៏ធ្លាក់មកជាមួយ
10 ម៉ូសេក៏ឮបណ្តាជនយំ នៅគ្រប់ទាំងគ្រួសារគេ គឺគ្រប់គ្នានៅមាត់ទ្វារត្រសាលរបស់ខ្លួន នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏ឆួលឡើងជាខ្លាំង ហើយម៉ូសេក៏អន់ចិត្តដែរ
11 រួចម៉ូសេទូលដល់ព្រះយេហូវ៉ាថា ហេតុអ្វីបានជាទ្រង់ធ្វើទុក្ខដល់ទូលបង្គំ ជាអ្នកបម្រើទ្រង់ដូច្នេះ ហេតុអ្វីបានជាទូលបង្គំមិនបានប្រកបដោយព្រះគុណនៃទ្រង់ គឺទ្រង់បានផ្ទុកមនុស្សទាំងនេះជាបន្ទុកលើទូលបង្គំវិញ
12 តើទូលបង្គំជាឪពុកនៃមនុស្សទាំងនេះឬ តើទូលបង្គំបានបង្កើតគេមកឬអី បានជាទ្រង់មានព្រះបន្ទូល ចូរបីគេ ដូចជាមេដោះបីកូនដែលនៅបៅ នាំទៅឯស្រុកដែលទ្រង់បានស្បថថា នឹងឲ្យដល់ពួកអយ្យកោគេដូច្នេះ
13 តើទូលបង្គំនឹងបានសាច់ពីណាមក ឲ្យមនុស្សទាំងនេះបរិភោគបាន ដ្បិតគេយំតាមទូលបង្គំថា ចូរឲ្យសាច់មកយើងបរិភោគផង
14 រូបទូលបង្គំតែម្នាក់ឯង នឹងបីទ្រមនុស្សទាំងនេះមិនបានទេ ដ្បិតគេជាបន្ទុកធ្ងន់ហួសកម្លាំងទូលបង្គំហើយ
15 បើទ្រង់ប្រព្រឹត្តនឹងទូលបង្គំយ៉ាងដូច្នេះ ហើយបើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ពិត នោះសូមសម្លាប់ទូលបង្គំទៅវិញចុះ ដើម្បីកុំឲ្យទូលបង្គំនៅឃើញសេចក្ដីវេទនា របស់ទូលបង្គំទៀត។
16 ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរប្រមូល៧០នាក់ពីពួកចាស់ទុំសាសន៍អ៊ីស្រាអែល ដែលឯងដឹងថា ជាចាស់ទុំក្នុងបណ្តាជន និងជានាយកត្រួតត្រាលើគេមែន ឲ្យគេមកឯអញ ត្រូវនាំគេមកឯត្រសាលជំនុំ ឲ្យឈរនៅទីនោះជាមួយនឹងឯង
17 អញនឹងចុះមកនិយាយនឹងឯង ហើយនិងចែកព្រះវិញ្ញាណដែលសណ្ឋិតលើឯងទៅដាក់លើគេផង នោះគេនឹងជួយផ្ទុកនូវបន្ទុកបណ្តាជននេះជាមួយនឹងឯង ដើម្បីកុំឲ្យឯងត្រូវផ្ទុកតែម្នាក់ឯងឡើយ
18 ត្រូវឲ្យឯងប្រាប់ដល់បណ្តាជនថា ចូរឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់នៅថ្ងៃស្អែក នោះនឹងបានសាច់បរិភោគហើយ ដ្បិតឯងរាល់គ្នាបានយំដាក់ព្រះកាណ៌នៃព្រះយេហូវ៉ាថា តើអ្នកណានឹងឲ្យសាច់មកយើងបរិភោគ ដ្បិតដែលយើងនៅស្រុកអេស៊ីព្ទនៅឡើយ នោះស្រួលណាស់ ដូច្នេះ ព្រះយេហូវ៉ាទ្រង់នឹងប្រទានសាច់មក ហើយឯងរាល់គ្នានឹងបរិភោគផង
19 មិនមែនត្រឹមតែ១ថ្ងៃ ២ថ្ងៃ ឬ៥ថ្ងៃ ១០ថ្ងៃ ឬ២០ថ្ងៃប៉ុណ្ណោះទេ
20 គឺឯងរាល់នឹងបរិភោគពេញ១ខែវិញ ទាល់តែសាច់នោះចេញតាមរន្ធច្រមុះឯងមក ហើយឯងនឹងធុញទ្រាន់ចំពោះសាច់នោះ ពីព្រោះឯងរាល់គ្នាបានជិនណាយចិត្តនឹងព្រះយេហូវ៉ា ដែលទ្រង់គង់កណ្តាលពួកឯង ហើយបានយំនៅចំពោះទ្រង់ថា ហេតុអ្វីបានជាយើងរាល់គ្នាចេញពីស្រុកអេស៊ីព្ទមកដូច្នេះ។
21 រួចម៉ូសេទូលសួរថា បណ្តាមនុស្សដែលទូលបង្គំនៅជាមួយនេះ មានពួកថ្មើរជើងចំនួន៦សែននាក់ ដូច្នេះ ទ្រង់មានព្រះបន្ទូលថា នឹងឲ្យសាច់ដល់គេគ្រប់គ្នា ឲ្យបានបរិភោគពេញ១ខែឬ
22 តើត្រូវសម្លាប់ហ្វូងសត្វទាំងធំទាំងតូច ឲ្យល្មមដល់គេឬអី ឬត្រូវប្រមូលត្រីក្នុងសមុទ្រទាំងអស់មក ឲ្យល្មមដល់គេដែរ
23 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបនឹងម៉ូសេថា តើព្រះហស្តព្រះយេហូវ៉ាបានរួញខ្លីឬអី ឥឡូវនេះ ឯងនឹងឃើញពិត បើពាក្យអញថានឹងកើតមកដល់ឯងមែន ឬមិនមែន។
24 ម៉ូសេក៏នាំយកព្រះបន្ទូលនៃព្រះយេហូវ៉ា ចេញទៅប្រាប់ដល់បណ្តាជន រួចលោកប្រមូលពួកចាស់ទុំនៃបណ្តាជន៧០នាក់ មកដាក់ឲ្យឈរនៅជុំវិញត្រសាលជំនុំ
25 នោះព្រះយេហូវ៉ាទ្រង់យាងចុះមកក្នុងពពក មានព្រះបន្ទូលនឹងលោក រួចក៏ចែកព្រះវិញ្ញាណ ដែលសណ្ឋិតលើលោកទៅដាក់លើពួកចាស់ទុំទាំង៧០នាក់នោះផង កាលព្រះវិញ្ញាណបានសណ្ឋិតលើគេហើយ នោះស្រាប់តែគេទាយទំនាយម្តង តែមិនបានទាយតទៅមុខទៀតទេ។
26 រីឯមានពួកគេ២នាក់ រារង់នៅឯទីដំឡើងត្រសាល ១ឈ្មោះអែលដាត ១ទៀតឈ្មោះមីដាត ជាពួកអ្នកដែលចុះឈ្មោះរួចហើយ តែមិនបានចេញទៅឯរោងឧបោសថទេ ព្រះវិញ្ញាណក៏សណ្ឋិតលើគេដែរ ហើយគេទាយនៅក្នុងទីដំឡើងត្រសាល
27 នោះមានមនុស្សកំលោះម្នាក់រត់ទៅជម្រាបម៉ូសេពីរឿងនោះថា អែលដាត និងមីដាត គេកំពុងតែទាយនៅក្នុងទីដំឡើងត្រសាល
28 រួចយ៉ូស្វេ ជាកូននុន ដែលជាអ្នកជំនិតរបស់ម៉ូសេ តាំងពីកំលោះមកក៏និយាយថា លោកម្ចាស់ខ្ញុំអើយ សូមហាមគេទៅ
29 តែម៉ូសេឆ្លើយថា តើឯងច្រណែនជំនួសអញឬអី អញសុខចិត្តឲ្យបណ្តាជនទាំងឡាយរបស់ព្រះយេហូវ៉ាចេះទាយដែរ ហើយឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណទ្រង់លើគេគ្រប់គ្នាចុះ
30 នោះម៉ូសេ ព្រមទាំងពួកចាស់ទុំសាសន៍អ៊ីស្រាអែល ក៏នាំគ្នាត្រឡប់ទៅឯទីដំឡើងត្រសាលវិញ។
31 នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់បក់នាំសុទ្ធតែសត្វក្រួចពីសមុទ្រមក ឲ្យរាចចេញនៅគ្រប់ជុំវិញទីដំឡើងត្រសាល មានចម្ងាយដើរ១ថ្ងៃខាងណេះ ហើយ១ថ្ងៃខាងណោះ នៅព័ទ្ធជុំវិញ ហើយកំពស់ពីដីឡើង ប្រហែលជា២ហត្ថ
32 ឯបណ្តាជនទាំងឡាយ គេក៏ក្រោកឡើង ឈរចាប់ក្រួចពេញ១ថ្ងៃ១យប់នោះ ហើយ១ថ្ងៃស្អែកទៀត អ្នកណាដែលចាប់បានតិចជាងគេ នោះបានដល់១០ហាប រួចគេហាលសាច់សត្វទាំងនោះ នៅគ្រប់ជុំវិញទីដំឡើងត្រសាលទុកសម្រាប់ខ្លួនគេ
33 តែកាលសាច់នោះកំពុងតម្កល់នៅនាធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ា ក៏ឆួលក្តៅឡើងទាស់នឹងគេ ហើយទ្រង់វាយបណ្តាជនទាំងឡាយ ដោយសេចក្ដីវេទនាយ៉ាងធំ
34 ឯឈ្មោះកន្លែងនោះគេក៏ហៅថា គីប្រុតហាតាវ៉ា ពីព្រោះនៅទីនោះ គេបានកប់ខ្មោចនៃពួកអ្នកដែលនឹកប៉ងប្រាថ្នានោះ
35 រួចបណ្តាជនគេធ្វើដំណើរពីគីប្រុត-ហាតាវ៉ា ទៅដល់ហាសិរ៉ូត ហើយក៏ឈប់នៅត្រង់ហាសិរ៉ូតនោះ។